ការស្ទង់មតិរបស់វិស័យឯកជនបានបង្ហាញនៅថ្ងៃសុក្រ (០១ សីហា) នេះថា សកម្មភាពរោងចក្ររបស់អាស៊ី បានបន្តធ្លាក់ចុះក្នុងខែកក្កដា ដោយសារតម្រូវការសកលទន់ខ្សោយ ហើយភាពមិនប្រាកដប្រជាចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អាជីវកម្ម ដោយបង្កើនភាពអាប់អួរដល់ចក្ខុវិស័យស្ទុះងើបឡើងវិញដ៏ផុយស្រួយរបស់តំបន់។

ការស្ទង់មតិនេះត្រូវធ្វើឡើងមុនពេលជប៉ុន និងកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ដោយក្រុមអ្នកវិភាគមួយចំនួនមានក្តីសង្ឃឹមថា ភាពមិនប្រាកដប្រជារលាយបាត់ ហើយអាចជំរុញសកម្មភាពផលិតកម្មឡើងវិញក្នុងប៉ុន្មានខែខាងមុខ។
កូរ៉េខាងត្បូងមើលឃើញការធ្លាក់ចុះនៃសកម្មភាពរោងចក្រ ក្នុងខែកក្កដា សម្រាប់ពេល ៦ខែជាប់គ្នាជាមួយនឹងទិន្នន័យបញ្ជាទិញ PMI ពីស្ថាប័នតានដានទីផ្សារ S&P Global បានធ្លាក់ដល់ ៤៨,០ នៅក្នុងខែកក្កដា ពីតួលេខ ៤៨,៧ នៅក្នុងខែមិថុនា។ សន្ទស្សន៍ការទិញ PMI របស់ S&P Global សម្រាប់ជប៉ុន ក៏ថយចុះដល់ ៤៨,៩ ក្នុងខែកក្កដា ពីចំនួន ៥០,១ ក្នុងខែមិថុនា។
ចំណែកសកម្មភាពរោងចក្ររបស់ចិន ក៏យ៉ាប់យ៉ឺនផងដែរក្នុងខែកក្កដា ខណៈកំណើនអាជីវកម្មទន់ខ្សោយបាននាំឱ្យក្រុមហ៊ុននានាកាត់បន្ថយការផលិតរបស់ខ្លួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់។ PMI ពីកន្លែងផ្សេងទៀតបង្ហាញថា សកម្មភាពរោងចក្រក្នុងខែកក្កដា បានពង្រីកនៅហ្វីលីពីន និងវៀតណាម ប៉ុន្តែបានធ្លាក់ចុះនៅកោះតៃវ៉ាន់ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
សូមបញ្ជាក់ជូនថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា មុនពេលដែលអាមេរិក ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាច្រើន ហើយក៏មុនពេលអត្រាពន្ធបដិការថ្មីរបស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ៣១ កក្កដា ផងដែរ៕

