នៅពេលដែលលោក Mohammad Hanif បានឮថា ប្រទេសកាតា កំពុងបើកឱកាសការងារឲ្យជនជាតិអាហ្វហ្គានីស្ថាន លោកបានចូលរួមជាមួយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដើម្បីចុះឈ្មោះរបស់លោក ទៅធ្វើការនៅក្នុងប្រទេសសម្បូរដោយឧស្ម័ន ដោយសារប្រទេសរបស់ខ្លួន ត្រូវបានបំផ្លាញដោយភាពអត់ការងារធ្វើ។

អាជ្ញាធរតាលីបង់ បានប្រកាសកិច្ចព្រមព្រៀងជាមួយរដ្ឋឈូងសមុទ្រ ក្នុងខែនេះ ដើម្បីជ្រើសរើសពលករ ចំនួន ៣.១០០នាក់ មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលបានចាប់ផ្តើមដាក់ពាក្យ កាលពីថ្ងៃអង្គារ នៅមជ្ឈមណ្ឌលនានា ទូទាំងប្រទេសនេះ។

អ្នកនាំពាក្យក្រសួងការងារ លោក Samiullah Ibrahimi បានប្រាប់សារព័ត៌មាន AFP ថា គិតត្រឹមថ្ងៃពុធ មនុស្សជាង ៨.៥០០នាក់ បានដាក់ពាក្យបស់ពួកគេ ចេញពីរដ្ឋធានីកាប៊ុល និងខេត្តមួយចំនួនដែលនៅ ជុំវិញនោះ ហើយមនុស្សជាង ១៥.៥០០០នាក់ ត្រូវបានគេរំពឹងថា នឹងចុះឈ្មោះនៅទូទាំងប្រទេស។
រដ្ឋាភិបាលតាលីបង់ និយាយថា ការងារនេះ នឹងជួយប្រយុទ្ធប្រឆាំងនឹងភាពអត់ការងារធ្វើនិងភាពក្រីក្រ នៅក្នុងប្រទេស ដែលមានប្រជាជនប្រហែល ៤៨លាននាក់ កំពុងប្រឈមនឹងអ្វីដែលអង្គការសហប្រជាជាតិនិយាយថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅក្នុងពិភពលោក។