រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ Fox Radio ថា សហរដ្ឋអាមេរិក និងចិន កំពុងស្ថិតក្នុងដំណាក់កាលនៃស្ថិរភាពជាយុទ្ធសាស្ត្រ ការប្រឈមមុខដាក់គ្នាពាណិជ្ជកម្មពេញបន្ទុករវាងប្រទេសទាំងពីរ គឺមានគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល។

លោកបាននិយាយថា៖«យើងកំពុងឈានចូលដល់ដំណាក់កាលនៃស្ថិរភាពជាយុទ្ធសាស្ត្រមួយចំនួន។ នៅទីបញ្ចប់ យើងមានប្រទេសធំៗពីរ ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក។ ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ខ្ញុំគិតថា សហរដ្ឋអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ពីជម្លោះនេះ តាមមធ្យោបាយមួយចំនួន ប៉ុន្តែពិភពលោក នឹងរងទុក្ខដោយសារវា។ ជម្លោះពាណិជ្ជកម្មនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ហើយបន្ទាប់មកលើសេដ្ឋកិច្ចរបស់យើង និងជាពិសេសលើសេដ្ឋកិច្ចចិន»។
នៅពេលជាមួយគ្នានេះ ប្រមុខការទូតអាមេរិករូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិក «មានការខឹងសម្បារជាខ្លាំងជាមួយចិន ដែលយើងត្រូវតែប្រឈមមុខ»។

នាពេលមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្តែងក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងអាចធ្វើការសម្រេចបាននូវកិច្ចព្រមព្រៀង «យុត្តិធម៌បំផុត» ស្តីពីលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេ នាពេលខាងមុខ។ ប្រទេសចិន និងអាមេរិក បានបញ្ចប់ការចរចាពាណិជ្ជកម្មជុំទី៣ នៅថ្ងៃទី២៨-២៩ ខែកក្កដា នៅរដ្ឋធានី Stockholm នៃប្រទេសស៊ុយ អែត។ ទោះជាយ៉ាងណា ភាគីទាំងពីរ នៅតែមានជម្លោះជុំវិញការពន្យារពេលការព្យួរពន្ធបន្ថែម។ ក្រុមអ្នកចរចាចិន បាននិយាយថា កិច្ចព្រមព្រៀងស្តីពីការពន្យារពេលនេះ ត្រូវបានឈានដល់ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និយាយថា លក្ខខណ្ឌទាំងអស់ ត្រូវតែត្រូវបានអនុម័តដោយលោក ត្រាំ ជាមុនសិន។