នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា លោកមានការខកចិត្ត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដំឡើងពន្ធលើទំនិញកាណាដាដល់ ៣៥ភាគរយ ពោលលើសពីកម្រិត ២៥ភាគរយ លើផលិតផលដែលនៅក្រៅវិសាលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក-កាណាដា។
ចំណាត់ការដែលទីក្រុងវ៉ាស៊ីនតោន បានភ្ជាប់ទៅនឹងផ្នែកនៃអ្វីដែលខ្លួនបានលើកឡើងថា ជាបរាជ័យរបស់ប្រទេសកាណាដា ដែលមិនអាចបញ្ឈប់ការរត់ពន្ធសារធាតុហ្វង់តានីល (Fentanyl) គឺជាដំណោះស្រាយចុងក្រោយបំផុត នៅក្នុងសង្គ្រាមពន្ធគយរយៈពេលជាច្រើនខែរបស់លោក Trump ដែលបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីលោកបានឡើងកាន់អំណាច។
តាមរយៈការបង្ហោះសារ នៅលើបណ្ដាញសង្គម X លោក Carney បានរៀបរាប់ថា កាតព្វកិច្ចពន្ធ និងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មឈើ ដែក អាលុយមីញ៉ូម និងរថយន្ត ដោយលោកបានប្តេជ្ញាថា នឹងចាត់វិធានការ ដើម្បីការពារការងាររបស់កាណាដា គាំទ្រឧស្សាហកម្មក្នុងស្រុក វិនិយោគក្នុងការប្រកួតប្រជែងឧស្សាហកម្ម និងធ្វើពិពិធកម្មទីផ្សារនាំចេញ។
លោក Carney បានបន្ថែមថា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការចំណាត់នេះ សហរដ្ឋអាមេរិកបានលើកឡើងពីលំហូរឆ្លងដែននៃសារធាតុហ្វង់តានីល បើទោះបីជាប្រទេសកាណាដាមានចំណែកទទួលខុសត្រូវត្រឹមតែមួយភាគរយនៃការនាំចូលសារធាតុហ្វង់តានីលទៅសហរដ្ឋអាមេរិក ហើយបើទោះបីជាបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបរិមាណបន្ថែមទៀតក៏ដោយ៕