នៅពេលដែលដែនដីហ្កាហ្សាស្ទ្រីប កំពុងរំកិលកាន់តែកៀកនឹងគ្រោះទុរ្ភិក្ស ហើយរូបភាពនៃកុមារពេញដោយភាពស្រេកឃ្លាន បង្កឲ្យមានការទាមទារថ្មី ដើម្បីចាត់វិធានការ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រឈមនឹងការសាកល្បងដែលស្រដៀងនឹងអ្នកកាន់តំណែងមុនៗរបស់លោក។
ម្ដងហើយម្ដងទៀត ប្រធានាធិបតីអាមេរិកគ្រប់រូប បានមើលឃើញពីទុក្ខវេទនានៅក្នុងប្រទេសឆ្ងាយៗ ដោយដឹងថា ពួកគេអាចចាត់វិធានការ ដើម្បីជួយសង្គ្រោះជីវិតមនុស្សស្លូតត្រង់។ រូបភាពនៃការស្លាប់ និងទុក្ខវេទនា នៅកន្លែងនានា ដូចជានៅតំបន់បាល់កង់ ប្រទេសរ៉្វាន់ដា តំបន់ Darfur របស់ប្រទេសស៊ូដង់ និងប្រទេសស៊ីរីជាដើម បានតាមលងបន្លាចមនសិការរបស់មេដឹកនាំទាំងនោះ ដែលជួនកាលជំរុញពួកគេឲ្យមានវិធានការ ប៉ុន្តែជាញឹកញាប់មិនបានធ្វើអ្វីឡើយ ដោយផ្ដល់ហេតុផលផ្សេងៗ។

ដូច្នេះ ភាពអស់សង្ឃឹម នៅតំបន់ហ្កាហ្សា បានលេចឡើង ដើម្បីក្លាយជាការធ្វើតេស្ត សម្រាប់លោក Trump។ តាមការរៀបរាប់ពីលោកផ្ទាល់ រូបភាពនៃប្រជាជនប៉ាឡេស្ទីនពេញដោយភាពស្រេកឃ្លាន នៅក្នុងដែនដីដែលខ្ទេចខ្ទីដោយសារសង្រ្គាម បានក្លាយជាភាពរំខានផ្លូវចិត្តគ្រប់គ្រាន់ល្មមឲ្យលោកចេញវិធានការ។
អំឡុងពេលបង្ហាញវត្តមាននៅប្រទេសស្កុតឡែន កាលពីថ្ងៃទី២៨ ខែកក្កដា លោក Trump បានបញ្ជាក់ថា៖ «ខ្ញុំមានន័យថា ក្មេងៗខ្លះ គឺពិតជាស្ថិតក្នុងសា្ថនភាពអត់ឃ្លានមែន។ ខ្ញុំឃើញទិដ្ឋភាពនេះ ហើយអ្នកមិនអាចលាក់បានទេ។ ហេតុដូច្នេះ យើងនឹងចាត់វិធានការបន្ថែមទៀត»។
យ៉ាងណាក្ដី គេមិនទាន់ច្បាស់ទេថា តើអ្វីដែលលោក Trump ចង់មានន័យ អំពី «ការចាត់វិធានការបន្ថែមទៀត» នោះ។ ប៉ុន្មានថ្ងៃមុននេះ លោកបានដកបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff ចេញពីកិច្ចពិភាក្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាកិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា។ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) លោក Witkoff បានធ្វើដំណើរទៅអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា ហើយសារព័ត៌មានរបស់អ៊ីស្រាអែល បានរាយការណ៍ថា លោកអាចនឹងទៅមើលមជ្ឈមណ្ឌលចែកចាយអាហារមួយ នៅក្នុងដែនដីនេះ។ ការផ្លាស់ប្តូរផែនការរបស់លោក Witkoff កើតឡើងនៅពេលដែលក្រុមជំនួយនិយាយថា ភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា កំពុងឈានដល់កម្រិតវិបត្តិហើយ៕


