ដោយលើកឡើងពីការខ្វែងគំនិតគ្នាខាងភូមិសាស្ត្រនយោបាយ មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) ថា ភាពខុសគ្នា រវាងសហរដ្ឋអាមេរិក និងឥណ្ឌា មិនអាចដោះស្រាយបានត្រឹមតែរយៈពេលមួយយប់ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ។
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន នៅតែចរចាជាមួយឥណ្ឌា លើបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីបានប្រកាសនៅពេលព្រឹកថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងកំណត់អត្រាពន្ធ ២៥ភាគរយ លើទំនិញនាំចូលពីប្រទេសនេះ ដោយចាប់ផ្តើមពីថ្ងៃសុក្រទី១ ខែសីហាតទៅ។

តួលេខ ២៥ភាគរយនេះ នឹងបង្ហាញថា ប្រទេសឥណ្ឌាត្រូវបង់ពន្ធច្រើនជាងដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ហើយគំរាមកំហែងដល់ការចរចារជាច្រើនខែ រវាងប្រទេសទាំង២ ដោយធ្វើឲ្យប៉ះពាល់ដល់ដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ដែលជួយទប់ទល់ឥទ្ធិពលរបស់ប្រទេសចិន។
មន្ត្រីអាមេរិក បាននិយាយថា៖«បញ្ហាប្រឈមរបស់យើងជាមួយប្រទេសឥណ្ឌា គឺពួកគេតែងតែជាទីផ្សារបិទជិត។ មានបញ្ហាភូមិសាស្ត្រនយោបាយផ្សេងទៀត។ អ្នកបានឃើញហើយថា លោកប្រធានាធិបតី បានសម្តែងការព្រួយបារម្ភអំពីសមាជិកភាព នៅក្នុងក្រុម BRICS ការទិញប្រេងពីរុស្ស៊ី និងថា ទាំងនេះ គឺរឿងដែលត្រូវដោះស្រាយ»។
បើទោះបីជាបាននិយាយថា មានការពិភាក្សាក្នុងន័យស្ថាបនាជាមួយឥណ្ឌាក៏ដោយ ក៏មន្ត្រីអាមេរិក បានបន្ថែមថា៖ «ទាំងនេះ គឺជាទំនាក់ទំនងដ៏ស្មុគស្មាញ និងបញ្ហាពិបាកដោះស្រាយ ដូច្នេះហើយ ខ្ញុំមិនគិតថា អ្វីៗអាចដោះស្រាយបាន ត្រឹមតែរយៈពេលមួយយប់ ជាមួយឥណ្ឌានោះទេ៕
