ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រ (ទី១ ខែសីហា) បានរាយការណ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលឲ្យមានមនុស្សស្លាប់ ឬបាត់ខ្លួនយ៉ាងហោចណាស់ ១៤នាក់ នៅក្នុងខេត្ត Dien Bien ភាគខាងជើងប្រទេសវៀតណាម។
សារព័ត៌មាន Tien Phong បានរាយការណ៍ថា ទឹកជំនន់បានហក់ឡើងយ៉ាងឆាប់រហ័ស កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ដោយបានជន់លិចផ្ទះសម្បែង នៅតំបន់ទំនាប ហើយបណ្តាលឲ្យមានទឹកជំនន់គំហុកភ្លាមៗ និងបំណាក់ដី នៅតំបន់ភ្នំនៃខេត្តនេះ។

សេចក្ដីរាយការណ៍ពីសារព័ត៌មាននេះ បានឲ្យដឹងទៀតថា ភូមិតំបន់ភ្នំ Xa Dung មានអ្នករងគ្រោះច្រើនជាងគេ ដោយមានអ្នកស្លាប់ម្នាក់ និងបាត់ខ្លួន ៦នាក់។ ហើយបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា ចរាចរណ៍ និងបណ្តាញអគ្គិសនី នៅតំបន់មួយចំនួនរបស់ខេត្ត ត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។
ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍ បានបន្ថែមថា កុមារ ២នាក់ នៅក្នុងភូមិ Hang Pu Xi ត្រូវបានកប់ក្នុងបំណាក់ល្បាប់ភក់ ហើយក្រុមអ្នកជួយសង្គ្រោះមិនទាន់រកឃើញសាកសពរបស់ពួកគេនៅឡើយទេ។ សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងបន្ថែមទៀតថា ភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តនេះ កំពុងក្លាយជាឧបសគ្គដល់ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន៕

