បាល់ទាត់៖ ការប្រកួតរវាងម៉ាលី និងទុយនេស៊ីនៅក្នុងការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations បានបញ្ចប់ទាំងចម្រូងចម្រាស បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទាំងម៉ោងមិនទាន់ ៩០នាទី។ ម៉ាលីស៊ុតគ្រាប់ជ័យជំនះនៅនាទីទី៤៨ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Ibrahima Kone។

គ្រូបង្វឹកក្រុមជំរើសជាតិទុយនេស៊ី Mondher Kebaier និងក្រុមការងារបានរត់សំដៅទៅអាជ្ញាកណ្តាល Janny Sikazwe បន្ទាប់ពីនាឡិកាបញ្ចប់ការប្រកួតត្រឹម ៨៥នាទីមុនពេលដែលឆែកនាឡិកាម្តងទៀត និងឱ្យបន្តការប្រកួតហើយក៏ផ្លុំកញ្ចែបញ្ចប់ត្រឹមស ៨៩នាទី ៤៧វិនាទី។ អំឡុងពេលសន្និសីទសារព័ត៌មាន គណៈកម្មការរៀបចំការប្រកួតឱ្យបន្តប្រកួតបង្គ្រប់ម៉ោងឱ្យចប់ តែភាគីទុយនេស៊ីមិនព្រម មុនពេលដែលម៉ាលីត្រូវបានប្រកាសថាឈ្នះការប្រកួតនេះ។

សូមបញ្ជាក់ថា អាជ្ញាកណ្តាលដែលដឹកនាំការប្រកួតនេះគឺលោក Janny Sikazwe ធ្លាប់ដឹកនាំពីរប្រកួតនៅ FIFA World Cuo 2018 នៅរុស្ស៊ី។ ម៉ាលីទទួលបានបីពិន្ទុពីប្រកួតដំបូងរបស់ខ្លួននៅក្នុងពូល F ជាមួយនឹងហ្កាំប៊ីដែលបានយកឈ្នះម៉ារីតានី ១-០។ ងាកមកការប្រកួតនៅក្នុងពូល E មានមួយគូយប់មិញកូឌីវ័រទទួលបាន ៣ពិន្ទុផងដែរក្រោយយកឈ្នះអាក្វាទ័រហ្គីណេ ១-០ ដោយគ្រាប់បាល់របស់ប្រធានក្រុម Max Gredel តាំងពីនាទីទី៥៕
អត្ថបទ៖នាង សុភាវុធ