ប្រទេសស្លូវេនី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងហាមឃាត់រាល់ការធ្វើពាណិជ្ជកម្មសព្វាវុធជាមួយអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា ជាអ្វីដែលខ្លួនបាននិយាយថា ជាលើកដំបូងដោយប្រទេសសហភាពអឺរ៉ុបមួយនេះ។
រដ្ឋាភិបាលស្លូវេនី បានរិះគន់អ៊ីស្រាអែលជាញឹកញាប់ចំពោះជម្លោះនេះ ហើយកាលពីឆ្នាំមុន បានស្វះស្វែង ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កា ហ្សា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖«ស្លូវេនី គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានហាមឃាត់ការនាំចូល ការនាំចេញ និងការបញ្ជូនអាវុធទៅកាន់ និងពីប្រទេសអ៊ីស្រាអែល»។
រដ្ឋាភិបាលនេះ បានបន្ថែមថា បម្រាមនេះ កំពុងដំណើរការទៅមុខ «ដោយឯករាជ្យ» ដោយសារតែប្លុក «មិនអាចទទួលយកវិធានការជាក់ស្តែងបានទេ ... ដោយសារតែភាពមិនចុះសម្រុងផ្ទៃក្នុង និងគ្មានការឯកភាពគ្នា» ។
