អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាពិសេស បានប្រាប់ឲ្យដឹងថា នៅថ្ងៃសុក្រ (ទី១ ខែសីហា) ប្រធានាធិបតីដែលត្រូវបានទម្លាក់ចេញពីអំណាចរបស់ប្រទេសកូរ៉េខាងត្បូង គឺលោក Yoon Suk Yeol ដែលកំពុងស្ថិតក្នុងការឃុំឃាំង ក្នុងអំឡុងពេលមានសវនាការ និងការប្រឈមនឹងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌផ្សេងៗនោះ បានដេកនៅលើឥដ្ឋនៃបន្ទប់ឃុំខ្លួនលោក ហើយបានបដិសេធមិនចេញពីកន្លែងនោះ ដើម្បីឲ្យមានការសាកសួរឡើយ។
លោក Yoon ត្រូវបានបញ្ចប់តួនាទីដោយតុលាការធម្មនុញ្ញ កាលពីខែមេសា ពាក់ព័ន្ធនឹងការប៉ុនប៉ងមិនជោគជ័យរបស់លោក កាលពីឆ្នាំមុន ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ហើយឥឡូវនេះ កំពុងត្រូវបានស៊ើបអង្កេតដោយក្រុមរដ្ឋអាជ្ញាពិសេសដែលត្រូវបានបង្កើតឡើង ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក Lee Jae Myung។
អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាពិសេស បានប្រាប់ឲ្យដឹងថា រដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតការចោទប្រកាន់ពីការប្រើឥទ្ធិពលដែលមានទំនាក់ទំនងជាមួយលោក Yoon និងភរិយារបស់លោក បានព្យាយាមឲ្យអតីតមេដឹកនាំរូបនេះអនុវត្តតាមដីកាចាប់ខ្លួន និងសហការជាមួយដំណើរការសាកសួរដោយស្ម័គ្រចិត្ត។

លោកស្រី Oh Jung-hee បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប៉ុន្តែជនសង្ស័យ បានរឹងរូសមិនព្រមសហការឡើយ ខណៈបានដេកផ្ទាល់លើកម្រាលឥដ្ឋ ដោយមិនបានស្លៀកសម្លៀកបំពាក់អ្នកទោសឡើយ»។ លោកស្រីបានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតនឹងព្យាយាមម្ដងទៀត ដើម្បីនាំរូបលោកចូលទៅក្នុងដំណើរការសាកសួរ បើទោះជាត្រូវប្រើកម្លាំងក៏ដោយ។
ដោយដកស្រង់សម្តីរបស់រដ្ឋអាជ្ញាពិសេស ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា លោក Yoon បានស្លៀកពាក់តែអាវកាក់យឺត និងខោទ្រនាប់ប៉ុណ្ណោះ នៅពេលដែលរដ្ឋអាជ្ញាទៅដល់បន្ទប់ឃុំខ្លួនលោក។
លោក Yu Jeong-hwa ដែលជាមេធាវីម្នាក់របស់លោក Yoon បានប្រាប់សារព័ត៌មាន Reuters ថា ការលើកឡើងនូវអ្វីពាក់ព័ន្ធនឹងសម្លៀកបំពាក់ នៅកន្លែងតូចមួយដែលមានសីតុណ្ហភាពជិត ៤០អង្សាសេ គឺជាការប្រមាថជាសាធារណៈដល់សេចក្តីថ្លៃថ្នូររបស់កូនក្ដីខ្លួន និងបង្ហាញពីរបៀបដែលរដ្ឋមួយនេះ កំពុងរំលោភសិទ្ធិរបស់អ្នកទោស៕
