ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ (ទី១ ខែសីហា) នេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ប្រព័ន្ធ Patriot (ប៉ាទ្រីយ៉ូត) ចំនួន ២គ្រឿងដល់អ៊ុយក្រែន បន្ទាប់ពីបានឈានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ជាកិច្ចព្រមព្រៀងដែលទីក្រុងប៊ែរឡាំងនឹងក្លាយជាអ្នកដំបូងគេទទួលបានប្រព័ន្ធចុងក្រោយបង្អស់ ជាថ្នូរត្រលប់វិញ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក «ប្រទេសអាល្លឺម៉ង់ជាដំបូងអាចគាំទ្រអ៊ុយក្រែនជាមួយនឹងជើងទម្រ ហើយបន្ទាប់មក ជាមួយនឹងផ្នែកបន្ថែមនៃប្រព័ន្ធការពារ Patriot»។
កងទ័ព Bundeswehr ជាដំបូងនឹងបញ្ជូនជើងទម្រប្រព័ន្ធការពារ Patriot បន្ថែមទៅអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយតាមមកដោយផ្នែកបន្ថែមនៃប្រព័ន្ធនេះ ដែលនឹងត្រូវបានប្រគល់ជូនក្នុងរយៈពេល ២ ឬ៣ខែខាងមុខ។
ជាថ្នូរវិញ ទីក្រុងប៊ែរឡាំងនឹងទទួលបានប្រព័ន្ធ Patriot ថ្មីដែលខ្លួនកំពុងផ្តល់មូលនិធិ ពីសហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស។ តម្រូវការរបស់អ៊ុយក្រែន ដើម្បីការការពារដែនអាកាស បានស្ថិតនៅក្នុងភាពបន្ទាន់ខ្លាំងឡើងៗ ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសទូទាំងប្រទេស នារដូវក្តៅនេះ ហើយប្រព័ន្ធ Patriot បានបង្ហាញឲ្យឃើញប្រសិទ្ធភាពក្នុងការបំផ្លាញមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។
អាល្លឺម៉ង់បានបញ្ជូនប្រព័ន្ធ Patriot ចំនួន ៣គ្រឿងរួចហើយទៅកាន់អ៊ុយក្រែន ហើយបានបញ្ជាក់នៅថ្ងៃសុក្រនេះថា ការបញ្ជូនប្រព័ន្ធបន្ថែមនេះ នឹងមិនប៉ះពាល់ដល់ការរួមចំណែក ចំពោះសម្ព័ន្ធភាពការពារជាតិរបស់អង្គការណាតូនោះឡើយ៕