ប្រទេសបារាំង នៅថ្ងៃសុក្រ (ទី១ ខែសីហា) បានចាប់ផ្តើមទម្លាក់ជំនួយមនុស្សធម៌ចំនួន ៤០តោន នៅតំបន់ហ្កាហ្សា ខណៈដែលខ្លួនបានជំរុញឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យមានលទ្ធភាពចូលពេញលេញទៅកាន់តំបន់ដែលខ្លួនបានលើកឡើងថា កំពុងធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស។
លោកប្រធានាធិបតី Emmanuel Macron បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ដោយប្រឈមជាមួយភាពបន្ទាន់ទាំងស្រុង យើងទើបតែបានធ្វើប្រតិបត្តិការទម្លាក់អាហារ នៅតំបន់ហ្កាហ្សា។ សូមអរគុដល់ដៃគូរបស់យើង គឺហ្សកដានី អារ៉ាប់រួម និងអាល្លឺម៉ង់ សម្រាប់ការជួយគាំទ្រ និងអរគុណចំពោះបុគ្គលិកយោធារបស់យើង សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេ»។
លោកបានបន្ថែមថា៖ «ការផ្ដល់ជំនួយនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ៊ីស្រាអែលត្រូវតែបើកឲ្យមានលទ្ធភាពចូលពេញលេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ ដើម្បីដោះស្រាយហានិភ័យពីការមានគ្រោះទុរភិក្ស»។
រដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot នៅព្រឹកថ្ងៃនេះ បានប្រាប់ទូរទស្សន៍ franceinfo ថា ប្រទេសបារាំងកំពុងបញ្ជូនយន្តហោះចំនួន ៤គ្រឿង ដែល១គ្រឿងៗដឹកជំនួយមនុស្សធម៌ចំនួន ១០តោនទៅកាន់តំបន់ហ្កហ្សា ដោយចាកចេញពីប្រទេសហ្សកដានី៕