មនុស្សយ៉ាងហោច ៣៣នាក់ បានស្លាប់ ក្រោយរលកនៃការវាយប្រហារយានដ្រូន និងមីស៊ីលរុស្ស៊ី លើសង្កាត់ជាច្រើននៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ។
ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយថា ក្មេងៗ ៣នាក់ អាយុ ៣ឆ្នាំ ៦ឆ្នាំ និង ១៧ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។ មនុស្សប្រហែល ១៥៩នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារទាំងនេះ ដែលបណ្តាលឲ្យប្លុកអគារផ្ទះល្វែងមួយខ្នង បាក់រលំផងដែរ ។
ការវាយប្រហាររបស់រុស្ស៊ី បានបន្ត បើទោះបីជាមានការគំរាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងមុនលើទីក្រុងម៉ូស្គូ បើសិនជាលោកប្រធានាធិបតី Vladimir Putin ពុំយល់ព្រមបទឈប់បាញ់នៅថ្ងៃទី ៨ ខែសីហា ទេនោះ ។
លោក John Kelley គឺជាអ្នកតំណាងស្តីទីសហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិ(UN) បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និងអ៊ុយក្រែនត្រូវតែចរចាបទឈប់បាញ់ និងសន្តិភាពយូរអង្វែង ។ វាដល់ពេលដែលពួកគេត្រូវមានកិច្ចព្រមព្រៀងហើយ ។
យោងតាមការអះអាងរបស់កងកម្លាំងអាកាសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី បើកការវាយប្រហារយានដ្រូន ៣០៩គ្រឿង និងមីស៊ីលតម្រង់គោលដៅ ៨គ្រាប់ អំឡុងពេលយប់ លើទីក្រុងគីវ ៕