ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ (ទី១ ខែសីហា) នេះ បាននិយាយថា លោកសង្ឃឹមថា កិច្ចចរចាសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តប្រព្រឹត្តទៅ ហើយថា ក្រុមការងារអាចពិភាក្សាពីលទ្ធភាពនៃការសម្របសម្រួល ប៉ុន្តែបាននិយាយថា គោលដៅរបស់ទីក្រុងមូស្គូនៅតែមិនផ្លាស់ប្តូរឡើយ។
លោក Putin ដែលកំពុងនិយាយដោយមានប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅក្បែរ បានបញ្ជាក់ថា កិច្ចពិភាក្សាគួរតែត្រូវបានធ្វើឡើង «ដោយគ្មានកាមេរ៉ា និងស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់»។
ជាមួយគ្នានេះ មេដឹកនាំរុស្ស៊ីក៏បានប្រាប់ផងដែរថា ក្រុមដំបូងនៃប្រព័ន្ធមីស៊ីលបាលីស្ទិក Oreshnik ដែលត្រូវបានផលិតក្នុងចំនួនដ៏ច្រើន ត្រូវបានប្រគល់ទៅឲ្យកងទ័ពរុស្ស៊ី។ លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខ នៅតាមសមរភូមិមុខទាំងមូល ក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាលោកខាងលិចចង់បញ្ឈប់ការវាយលុកក៏ដោយ។
លើសពីនេះទៀត លោក Putin បានឲ្យដឹងទៀតថា កងទ័ពរុស្ស៊ីបានកាន់កាប់ទីក្រុង Chasiv Yar ក្នុងតំបន់ Donetsk របស់អ៊ុយក្រែន កាលពីប៉ុន្មានថ្ងៃមុន ជាការអះអាងរបស់រុស្ស៊ី ដែលទីក្រុងគីវ បានបដិសេធ៕