ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មជាអន្តរជាតិកាន់តែធ្ងន់ធ្ងរឡើងៗ លើរុស្ស៊ី បន្ទាប់ពីការវាយប្រហារបង្ហូរឈាមលើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់។
លោក Zelensky បានប្រាប់ថា កុមារចំនួន ៥នាក់ ដែល ២នាក់ក្មេងជាងគេបំផុត ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយមនុស្ស ១៥៩នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា)។ លោកបានសង្កត់ធ្ងន់ថា៖ «ទោះបីជាវិមានក្រឹមឡាំងបដិសេធថា ទណ្ឌកម្មមិនមានប្រសិទ្ធភាពក៏ដោយ ក៏ទណ្ឌកម្មពិតជាធ្វើការរបស់វា ហើយវិធានការនេះត្រូវតែពង្រឹងឲ្យកាន់តែខ្លាំងឡើងៗ»។
ទីក្រុងគីវបានប្រារព្ធពិធីកាន់ទុក្ខមួយថ្ងៃ បន្ទាប់ពីការវាយប្រហារលើរដ្ឋធានីនេះ បានធ្វើឲ្យប្លុកផ្ទះល្វែងបាក់រលំ និងបានបង្កការខូចខាតដល់មន្ទីរពេទ្យ សាលារៀន ទីកន្លែងថែទាំក្មេង និងសាកលវិទ្យាល័យ។
កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាញ់យានដ្រូនជាង ៣០០គ្រឿង និងមីស៊ីលតម្រង់គោលដៅចំនួន ៨គ្រាប់ អំឡុងការវាយលុកពេញមួយយប់។ នេះគឺជាការវាយប្រហារបង្ហូរឈាមបំផុតមួយលើទីក្រុងគីវ ដែលបានជួបប្រទះនឹងការវាយប្រហារបែបនេះ គិតចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្កោលទោសសកម្មភាពរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបានលើកឡើងថា ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ នឹងកើតមាននាពេលខាងមុខ៕