ស្លូវេនីបានក្លាយជាប្រទេសលើកដំបូងគេនៅសហភាពអឺរ៉ុប(EU) ហាមឃាត់ការជួJដូរអាវុធទាំងអស់ជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងសង្រ្គាមរបស់ពួកគេនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ STA រាយការណ៍ថា ការប្រកាសបែបនេះ បានកើតមានឡើងរយៈពេល ២សប្តាហ៍ ក្រោយប្រទេសនៅអឺរ៉ុបកណ្តាលមួយនេះ បានប្រកាសថា ក្រុមរដ្ឋមន្រ្តីអ៊ីស្រាអែលគឺជាបុគ្គលគ្មានគុណធម៌ ។
ទណ្ឌកម្មអាវុធនេះ ត្រូវបានប្រកាសឡើងដោយលោកនាយករដ្ឋមន្រ្តី Robert Golob ក្រោយកិច្ចប្រជុំរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ។
រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្លូវេនី គឺជាប្រទេសអឺរ៉ុបលើកដំបូងគេ ហាមប្រាមការនាំចូល នាំចេញ និងការដឹកជញ្ជូនអាវុធចេញ-ចូលអ៊ីស្រាអែល ។
សេចក្តីថ្លែងការណ៍បន្តថា ពួកគេនឹងបន្តធ្វើដោយឯករាជ្យ ពីព្រោះថា EUមិនអាចអនុវត្តវិធានការរឹងមាំដោយសារភាពមិនចុះសម្រុងផ្ទៃក្នុង និងមិនរួបរួមគ្នា ។
ពួកគេនិយាយទៀតថា ស្របពេលមានសង្រ្គាមខ្ទេចខ្ទាំនៅហ្កាហ្សាជាទីដែលមនុស្សស្លាប់ដោយសារគ្មានជំនួយមនុស្សធម៌ វាគឺជាកាតព្វកិច្ចរបស់រាល់រដ្ឋមានទំនួលខុសត្រូវ ដើម្បីចាត់វិធានការ បើទោះបីជាមានន័យថា ត្រូវចាត់វិធានការមុនគ្នាក៏ដោយ ៕

