ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់នៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតជាស្រ្តីសម្រាលកូនរួច ខណៈរយៈពេលមួយឆ្នាំពេញ២០២១ រដ្ឋបានបើកប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនរួច ចំនួនសរុបជាង ៦ម៉ឺន ៥ពាន់នាក់។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២២នេះថា គិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បេឡាជាតិរបបសន្តិសុខសង្គម បានបើកសាច់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលដល់ស្រ្តីសម្រាលកូនរួចចំនួនសរុបជាង ៦៥ ១០០នាក់ ក្នុងនោះចំនួនកូនមានជាង ៦៥ ៥០០នាក់ ដោយចំណាយទឹកប្រាក់អស់ប្រមាណជាង ១៤ពាន់លានរៀល ស្មើនឹងប្រមាណជាង ៣,៦លានដុល្លារអាម៉េរិក។
ឯកឧត្តម បានឲ្យដឹងទៀតថា ការផ្តល់ជូនប្រាក់ឧបត្ថម្ភនេះ បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅនេះឃើញថា ស្រ្តីសម្រាលកូនមានការថយចុះជាង ១១ ០០០នាក់ មានកូនជាង ១២ ០០០នាក់។
បន្ថែមពីលើនេះ ឯកឧត្តម បានបញ្ជាក់ដល់កម្មករ កម្មការិនីទាំងអស់ថា នៅពេលមានបញ្ហាសុខភាព ឬជួបគ្រោះថ្នាក់ដោយចៃដន្យ អាចទៅប្រើប្រាស់សេវាថែទាំសុខភាពនៅគ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម បាន២៤លើ២៤ម៉ោង ហើយសម្រាប់ស្ត្រីដែលមានផ្ទៃពោះ ឬសម្រាលរួច អាចមកដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភ ឬមកបើកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលបានដដែល ដោយបេឡាជាតិរបបសន្តិសុខសង្គមនៅតែចាំទទួល និងដោះស្រាយគ្រប់បញ្ហាដល់សមាជិកទាំងអស់គ្រប់ពេលវេលា។
សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន ក្នុងនោះសំរាប់ស្រ្តីសម្រាលកូនមួយ (ទោល) ទទួលបានប្រាក់ចំនួន៤០ម៉ឺនរៀល, កូនភ្លោះ២ (ពីរនាក់)ទទួលបាន៨០ម៉ឺនរៀល, កូនភ្លោះ៣ ទទួលបាន ១២០ម៉ឺនរៀល។
លើសពីនេះទៀត ចំពោះកូនភ្លោះ០៣នាក់ ជាកូនរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀតពីសម្តេចតេជោផ្ទាល់ផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី


