បេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់លោកប្រធានាធិបតី Donald Trump ក្លាយជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចនៅតំបន់ហ្កាហ្សាចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដោយបានធ្វើដំណើរទៅកាន់ទីតាំងប្រតិបត្តិការផ្តល់ជំនួយគាំទ្រដោយសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១ ខែសីហា ដែលអង្គការសហប្រជាជាតិនិយាយថា ជាផ្នែកមួយដែលត្រូវស្តីបន្ទោសចំពោះស្ថានភាពដ៏មហន្តរាយនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។
លោក Steve Witkoff បានទៅពិនិត្យមើលទីតាំងមួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក (GHF) នៅទីក្រុងRafah ជាអ្វីដែលលោកបាននិយាយថា គឺជាបំណងដើម្បីដាក់ផែនការរួមគ្នានូវជំនួយថ្មីសម្រាប់ដែនដីដែលហែកហួរដោយសង្រ្គាមមួយនេះ។
ប៉ុន្មានម៉ោងបន្ទាប់ពីដំណើទស្សនកិច្ចរបស់លោក គ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនបីនាក់នៅភាគខាងត្បូងតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួននៅតែពិនិត្យមើលឧបទ្ទវហេតុនេះដែលក្នុងករណីនេះក្រុមទាហានបានបាញ់ព្រមានទៅលើអ្វីដែលខ្លួនបានពិពណ៌នាថាជា «ការប្រមូលផ្តុំជនសង្ស័យ» ចូលទៅជិតកងទ័ព មានចម្ងាយរាប់រយម៉ែត្រពីកន្លែងផ្តល់ជំនួយ។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជាង១.០០០នាក់ត្រូវបានសម្លាប់ដោយព្យាយាមទៅទទួលជំនួយនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក (GHF) បានចាប់ផ្តើមប្រតិបត្តិការនៅទីនោះក្នុងខែឧសភា ភាគច្រើនត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែល។
អង្គការសហប្រជាជាតិបានបដិសេធមិនធ្វើការជាមួយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិកទេ ដែលស្ថាប័ននេះនិយាយថា ចែកចាយជំនួយក្នុងមធ្យោបាយមានគ្រោះថ្នាក់ និងបំពានគោលការណ៍អព្យាក្រឹតមនុស្សធម៌ ដែលរួមចំណែកដល់វិបត្តិភាពអត់ឃ្លាននៅទូទាំងដែនដីនេះ។