មន្ត្រីមនុស្សធម៌បានព្រមានថា អ៊ីស្រាអែលកំពុង «បង្កើតផែនការធ្វើឲ្យមានភាពវឹកវរនិងសម្លាប់រង្គាល» នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយបន្តរារាំងការដឹកជញ្ជូនជំនួយនិងបើកការបាញ់ប្រហារទៅលើពលរដ្ឋប៉ាឡេស្ទីនស្រេកឃ្លាន កំពុងស្វែងរកការផ្គត់ផ្គង់ស្បៀងដែលត្រូវការជាចាំបាច់។
លោក Caroline Willemen អ្នកសម្របសម្រួលគម្រោងតំបន់ហ្កាហ្សាសម្រាប់អង្គការគ្រូពេទ្យគ្មានព្រំដែន បាននិយាយកាលពីថ្ងៃសុក្រថា ស្បៀងអាហារនៅតែ«ខ្វះខាតយ៉ាងខ្លាំង» នៅក្នុងតំបន់ដែលត្រូវបានហ៊ុព័ទ្ធ ទោះបីជាមានការកើនឡើងដឹកជញ្ជូនជំនួយចូលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ។
លោក Willemen បាននិយាយថា «មានការបង្ហាញតិចតួចណាស់ដែលថា ជំនួយគ្រប់គ្រាន់នឹងទៅដល់ជាប្រចាំ» ។ «ជាលទ្ធផល រៀងរាល់ថ្ងៃ មនុស្សជាច្រើនមានហានិភ័យជីវិតក្នុងការស្វែងរកស្បៀងអាហារដោយអស់សង្ឃឹម»។
អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃសុក្រថាមនុស្សបីនាក់បន្ថែមទៀតរួមមានកុមារពីរនាក់បានស្លាប់ដោយសារភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។
នោះបានជំរុញឱ្យចំនួនអ្នកស្លាប់ដែលទាក់ទងនឹងភាពអត់ឃ្លានសរុបដល់១៦២នាក់ រួមមានកុមារ៩២ នាក់ ចាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣។
ប្រភពផ្នែកវេជ្ជសាស្រ្តបាននិយាយថាពលរដ្ឋប៉ាឡេស្ទីនជាង៨០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃសុក្រ។ ប្រភពនិយាយថា ក្នុងចំណោមនោះ មនុស្ស៤៩នាក់បានស្លាប់និងជាង២៧០នាក់រងរបួស ខណៈកំពុងស្វែងរកជំនួយ។