ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី០១ ខែសីហា ថា លោកបានទទួលដំណឹងថា ប្រទេសឥណ្ឌានឹងលែងទិញប្រេងពីរុស្ស៊ីទៀតហើយ។ យ៉ាងហោចណាស់មាននាវាពីរគ្រឿងដែលផ្ទុកដោយប្រេងរបស់រុស្ស៊ីធ្វើដំណើរទៅក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា បានបង្វែរទៅទិសដៅផ្សេងទៀតបន្ទាប់ពីការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក។
ក្រសួងរតនាគារសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើបុគ្គល អង្គភាព និងនាវា ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលមួយចំនួនជាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យប្រទេសនានា បញ្ឈប់ការទិញប្រេងពីទីក្រុងមូស្គូ ដោយគំរាមដំឡើងពន្ធ១០០% លុះត្រាតែរុស្ស៊ីយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ជាមួយអ៊ុយក្រែន។
ប្រភពពាណិជ្ជកម្មបាននិយាយថា នាវាចំនួនបីគ្រឿង ត្រូវបានគេគ្រោងទុកថានឹងដឹកជញ្ជូនប្រេងរុស្ស៊ីទៅកាន់កំពង់ផែឥណ្ឌាក្នុងខែនេះ។ នាវាទាំងបីគ្រឿង ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ការដាក់ទណ្ឌកម្មរបស់លោកខាងលិចកាន់តែតឹងរ៉ឹងគឺក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលប្រេងរបស់រុស្ស៊ី ដែលត្រូវបានគេមើលឃើញថាជាការផ្តល់មូលនិធិដល់សង្រ្គាមប្រឆាំងអ៊ុយក្រែន ដែលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីសម្រាប់ប្រទេសឥណ្ឌាកាន់តែខ្លាំង ដែលទិញច្រើនជាងមួយភាគបីនៃតម្រូវការប្រេងពីប្រទេសរុស្ស៊ី។