ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះកំពុងជួបប្រទះការកើនឡើងខ្ពស់ករណីឆ្លងវីរុស COVID-19។ ទោះជាយ៉ាងណាអ្នកជំនាញមានទំនុកចិត្តថា ពេលបច្ចុប្បន្ននេះប្រទេសឥណ្ឌាបានត្រៀមខ្លួនបានល្អប្រសើរជាងពេលមុន នៅពេលដែលវីរុសបម្លែងខ្លួនថ្មី Delta បានគ្របដណ្ដប់លើមន្ទីរពេទ្យកាលពីឆ្នាំ២០២១។

ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ២៤១,៩៧៦ករណី ហើយករណីជាមធ្យមរយៈពេល ៧ថ្ងៃកន្លងទៅនេះបានកើនឡើងពីប្រមាណ ១៤,០០០ករណីនៅថ្ងៃទី១ ខែមករា ដល់ជាង ១៣០,០០០ករណីនៅថ្ងៃទី១០ ខែមករា ខណៈប្រទេសឥណ្ឌាមានករណីឆ្លងវីរុស COVID-19 សរុប ៣៦,៣១២,៤៨៦ករណី និងមានអ្នកស្លាប់កើនឡើងដល់ ៤៨៤,៧៤០នាក់។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសបានឲ្យដឹងថា ការកើនឡើងនេះកំពុងត្រូវបានជំរុញដោយការកើនឡើងឆាប់រហ័សនៃករណីវិជ្ជមាន និងការឆ្លងប្រចាំថ្ងៃនៅក្នុងរដ្ឋដូចជា Maharashtra, West Bengal, Delhi, Uttar Pradesh និង Tamil Nadu។ ករណីឆ្លងវីរុស COVID-19 បានកើនឡើងនៅក្នុងខែមីនាឆ្នាំមុនដោយមានតិចជាង ១% នៃចំនួនប្រជាជន ១.៤ពាន់លាននាក់របស់ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងពេញលេញ។
យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា បច្ចុប្បន្ននេះមានតែជាង ៤៦% នៃចំនួនប្រជាជនរបស់ប្រទេស បានចាក់វ៉ាក់សាំងពេញលេញ។ ប្រទេសឥណ្ឌាបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការដល់កុមារមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ហើយកំពុងចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បុគ្គលិកជួរមុខ និងប្រជាជនមានអាយុលើសពី ៦០ឆ្នាំ៕
អត្ថបទ៖ ប៊ុនថន