ក្រុមហ៊ុនផលិតស្វីស កាលពីថ្ងៃសុក្រ (ទី១ ខែសីហា) បានព្រមានថា ការងាររាប់ម៉ឺនកន្លែងប្រឈមនឹងហានិភ័យ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេជាមួយនឹងអត្រាពន្ធខ្ពស់បំផុតមួយ ដែលជាការកំណត់ឡើងវិញនូវពាណិជ្ជកម្មសកលរបស់លោក បើទោះបីជាមានភាពធូរស្រាលខ្លះ សម្រាប់វិស័យឱសថសំខាន់ៗក៏ដោយ។
រដ្ឋាភិបាលបានប្រាប់ថា ខ្លួនមាន «ការខកចិត្ត» ហើយនឹងសម្រេចថា តើត្រូវចាប់ផ្ដើមវិធានការយ៉ាងដូចម្តេច បន្ទាប់ពីលោក Trump កំណត់យកពន្ធ ៣៩ភាគរយលើប្រទេសដែលពឹងផ្អែកលើការនាំចេញមួយនេះ ពោលគឺច្រើនជាងទ្វេដងនៃអត្រា ១៥ភាគរយ សម្រាប់ការនាំចូលរបស់ប្រទេសភាគច្រើននៃសហភាពអឺរ៉ុប (EU) ទៅកាន់សហរដ្ឋអាមេរិក។
កាតព្វកិច្ចពន្ធ ដោយកើនឡើងពីកម្រិតស្នើឡើង ៣១ភាគរយដែលមន្ត្រីស្វីសបានពិពណ៌នាថា «មិនអាចយល់បាន» នោះ គឺជាការផ្ដល់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ចំពោះប្រទេសស្វីស ដែលចាត់ទុកសហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន សម្រាប់ផលិតផលនាឡិកា គ្រឿងអលង្ការ និងសូកូឡា។
ការនាំចេញដ៏សំខាន់របស់ប្រទេសនេះទៅកាន់សហរដ្ឋអាមេរិក គឺផលិតផលឱសថ ដោយមានតម្លៃ ៣៥ពាន់លានដុល្លារ កាលពីឆ្នាំមុន ទោះបីជាមន្ត្រីបាននិយាយថា ក្រុមហ៊ុនផលិតឱសថមិនគួរត្រូវបានប៉ះពាល់ដោយអត្រាពន្ធខ្ពស់ សម្រាប់ពេលនេះក៏ដោយ។
យ៉ាងណាក្ដី រដ្ឋាភិបាល បានបញ្ជាក់ថា ខ្លួននៅតែមានទំនាក់ទំនងជាមួយអាជ្ញាធរអាមេរិក ជុំវិញបញ្ហាពន្ធគយនវ និង «បន្តប្រឹងប្រែងរកដំណោះស្រាយដែលអចទទួលយកបាន»។ នៅខាងក្រៅព្រឹត្តិការណ៍ទិវាជាតិស្វីស ក្នុងទីក្រុង Ruetli លោកស្រីប្រធានាធិបតី Karin Keller-Sutter បានប្រាប់សារព័ត៌មាន Reuters ថា៖ «វាគឺជាការមានសំណាងមិនល្អដែលទទួលរងអត្រាពន្ធខ្ពស់ជាងអ្វីដែលយើងបានចរចា»។
អត្រាថ្មីនេះ ត្រូវបានកំណត់ចូលជាធរមាននៅថ្ងៃទី៧ ខែសីហា ហើយប្រភពស្វីសដែលដឹងពីបញ្ហានេះ បានប្រាប់ថា ការចរចានឹងបន្តធ្វើ៕