ផែនការដំឡើងពន្ធសកលដែលត្រូវបានកែសម្រួលឡើងវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានបង្ហាញកាលពីថ្ងៃទី១ ខែសីហា បានធ្វើឲ្យប្រទេសឡាវ និងសហភាពមីយ៉ាន់ម៉ាប្រឈមជាមួយនឹងកម្រិតធ្ងន់ធ្ងរ ៤០ភាគរយ ដែលជាអត្រាខ្ពស់បំផុតទី២ ក្នុងពិភពលោក ដោយនៅពីក្រោមតែ ៤១ភាគរយរបស់ប្រទេសស៊ីរីប៉ុណ្ណោះ។
សេតវិមានមិនបានពន្យល់ពីហេតុផលឡើយ ហើយពាណិជ្ជកម្មអាមេរិកជាមួយប្រទេសទាំង៣ គឺមានទំហំតូច បើធៀបនឹងពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀតរបស់ខ្លួន។
សហភាពមីយ៉ាន់ម៉ានៅតែស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ២០២១ ហើយឡាវត្រូវបានសហរដ្ឋអាមេរិកតាមឃ្លាំមើល ពាក់ព័ន្ធនឹងការមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន។ ចំណែកស៊ីរីត្រូវបានដាក់ទណ្ឌកម្ម ដោយសារការរំលោភសិទ្ធិមនុស្ស ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Bashar Al-Assad ប៉ុន្តែសហរដ្ឋអាមេរិក បានព្យាយាមបន្ធូរបន្ថយការរឹតបន្តឹងទាំងនោះ ចាប់តាំងពីមានការផ្តួលរំលំរបបរបស់លោក នៅឆ្នាំ២០២៤។
នៅក្នុងករណីរបស់មីយ៉ាន់ម៉ា ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមានចំនួនសរុប ៧៣៤លានដុល្លារ ក្នុងឆ្នាំ២០២៤ ប៉ុន្តែការពិន័យនេះនឹងធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់សេដ្ឋកិច្ចដែលបានចាប់ផ្តើមដួលរលំ នៅពេលដែលមេដឹកនាំរបបយោធាលោក Min Aung Hlaing បានឡើងកាន់អំណាច ក្នុងរដ្ឋប្រហារ កាលពីជាង ៤ឆ្នាំមុន។
ទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ហេតុផលថា ខ្លួនបានដាក់ទណ្ឌកម្ម ចំពោះអ្វីដែលបានមើលឃើញថា របបយោធាប្រើប្រាស់អំពើហិង្សាលើជនស៊ីវិល និងការគាបសង្កត់សកម្មជនប្រជាធិបតេយ្យ៕