នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ (ទី១ ខែសីហា) បានស្វាគមន៍ការចេញពេលវេលាកំណត់ថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពោលគឺជាឱសនវាទដែលផ្ដល់ឲ្យប្រទេសរុស្ស៊ី ដើម្បីចាត់វិធានការ ជុំវិញបទឈប់បាញ់ នៅប្រទេសអ៊ុយក្រែន និង «ដើម្បីបញ្ឈប់តាក់ទិកពន្យាពេលរបស់ខ្លួន»។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា អំឡុងការសន្ទនាតាមទូរសព្ទ លោក Starmer បានសម្តែងការសោកស្តាយ ចំពោះការវាយប្រហារបង្ហូរឈាមលើរដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Starmer បាននិយាយថា៖ «វាជាការរំលឹកដ៏ជូរចត់នូវការបាត់បង់អាយុជីវិតមនុស្ស ដោយសារជម្លោះដ៏អាក្រក់ដែលបង្កោឡើងដោយរុស្ស៊ី»។
សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា លោក Starmer ក៏បានធ្វើបច្ចុប្បន្នភាពប្រាប់ទៅលោក Zelenskyy ជុំវិញដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោក Trump នៅប្រទេសស្កុតឡែន ជាកន្លែងដែលលោកបានប្រកាសកាលកំណត់ថ្មី «ប្រហែល ១០-១២ថ្ងៃ» សម្រាប់រុស្ស៊ី ដើម្បីបង្កើតវឌ្ឍនភាពលើបទឈប់បាញ់។
មេដឹកនាំទាំង២ បានស្វាគមន៍ពេលវេលាកំណត់ថ្មីរបស់លោក Trump ដើម្បីឲ្យរុស្ស៊ី «បញ្ឈប់តាក់ទិកអូសបន្លាយពេលរបស់ខ្លួន និងធ្វើឲ្យមានវឌ្ឍនភាពប្រកបដោយអត្ថន័យលើកិច្ចព្រមព្រៀងសន្តិភាព»៕