ស្នូកឃ័រ៖ ជើងឯកស្នូកឃ័រ Masters ៧សម័យ Ronnie O’Sullivan បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយនៃការប្រកួតជើងឯក Masters ក្រោយយកឈ្នះមិត្តរួមជាតិអង់គ្លេស Jack Lisowski ៦-១ហ្វ្រេម។ ចាប់ផ្តើមដំណាក់កាលដំបូង O’Sullivan បាននាំមុខ ៣-១ ហ្វ្រេមមុនតាមរយៈការវាយមួយឈើ ៨៦ពិន្ទុ និង ៦៣ពិន្ទុ។ ក្រោយមកក៏មិនងាកក្រោយដែរបន្ទាប់ពីវាយមួយឈើ ១២៧ពិន្ទុទៀតរហូតយកឈ្នះ ៦-១ហ្វ្រេម។

ជ័យជំនះនេះ Ronnie O’Sullivan បន្តឡើងវគ្គ ៨នាក់ចុងក្រោយដោយជួបជាមួយកីឡាករអូស្ត្រាលី Neil Robertson ដែលធ្លាប់ឈ្នះជើងឯកនៅទីនេះឆ្នាំ២០១៣។ ងាកមកកីឡាករអង់គ្លេសមួយរូបទៀតគឺកីឡាករជើងឯកពិភពលោក និងលេខ ១ ពិភពលោក Mark Selby បានយកឈ្នះកីឡាករស្កុតឡេន Stephen Maguire ៦-៣ហ្វ្រេមដើម្បីឡើងជុំបន្តផងដែរ។ ចាប់ផ្តើមហ្វ្រេមដំបូងកីឡាករទាំងពីរត្រូវប្រើពេលដល់ទៅ ៥០នាទីទើបរកចាញ់ឈ្នះបាន ខណៈការប្រកួតបញ្ចប់ហ្វ្រេមទី៤ ស្មើគ្នា ២-២ហ្វ្រេម។ ក្រោយមក Mark Selby គ្រប់គ្រងការប្រកួតបានទាំងស្រុងដោយយកឈ្នះ ៣ហ្វ្រេមផ្ទួនៗ និងបន្តឈ្នះជាមួយនឹងលទ្ធផលចុងក្រោយ ៦-៣ហ្វ្រេម។ វគ្គ ៨នាក់ចុងក្រោយ Mark Selby នឹងបន្តជួបជាមួយមិត្តរួមជាតិអង់គ្លេស Barry Hawkins៕
អត្ថបទ៖នាង សុភាវុធ