ប៊ុលហ្គារី៖ ក្រុមអ្នកតវ៉ាប្រឆាំងវ៉ាក់សាំងកាតព្វកិច្ចបង្ការវីរុស COVID-19 នៅក្នុងប្រទេសប៊ុលហ្គារីបានប៉ះទង្គិចជាមួយនគរបាល ខណៈដែលពួកគេកំពុងព្យាយាមសម្រុកចូលទៅកាន់រដ្ឋសភាក្នុងទីក្រុង Sofia។ នគរបាលបានរារាំងក្រុមបាតុករមិនឲ្យចូលទៅកាន់អគារនោះ ហើយបាតុករមួយចំនួនត្រូវបានឃុំខ្លួន។ មនុស្សច្រើននាក់រួមទាំងមន្ត្រីនគរបាលបានរងរបួសក្នុងពេលប៉ះទង្គិចគ្នា។

ក្រុមបាតុករត្រូវបានរុញច្រានត្រឡប់ក្រោយ ហើយនគរបាលត្រូវបានដាក់ពង្រាយនៅព័ទ្ធជុំវិញអគារសភា។ ព្រឹត្តិការណ៍ហិង្សាបានផ្ទុះឡើងនៅក្នុងការជួបជុំតវ៉ាដែលបានគ្រោងទុកប្រឆាំងទៅនឹងការពាក់ម៉ាស់ និងវ៉ាក់សាំងកាតព្វកិច្ច ហើយត្រូវបានរៀបចំដោយក្រុមជាតិនិយមដែលប្រឆាំងយ៉ាងខ្លាំង ចំពោះវិធានការទប់ស្កាត់វីរុសរាតត្បាតដែលគាំទ្រដោយរដ្ឋាភិបាល។ ក្រុមបាតុករប្រមាណ ១០០០នាក់ បានគ្រវីទង់ជាតិ និងច្រៀងចម្រៀងស្នេហាជាតិ ហើយបានបន្តនៅទីលានខាងមុខរដ្ឋសភា។ ពួកគេមានផែនការស្នាក់នៅរហូតដល់ការទាមទាររបស់ពួកគេ សម្រាប់ការទាមទាឲ្យដកចេញវិធានការពាក់ម៉ាសជាកាតព្វកិច្ច និងតម្រូវការលិខិតឆ្លងដែនវ៉ាក់សាំងត្រូវបានបំពេញ។
ប្រទេសប៊ុលហ្គារីដែលកំពុងប្រឈមទៅនឹងការកើនឡើងនៃករណីឆ្លងថ្មី គឺជាប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការតិចបំផុតនៅក្នុងចំណោមសមាជិកទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុបដែលមានត្រឹមតែមួយភាគបី នៃចំនួនប្រជាជនបានចាក់វ៉ាក់សាំងពេញលេញការពារវីរុស COVID-19។ ថ្លែងពីលំនៅឋានរបស់លោក ជាកន្លែងដែលលោកត្រូវធ្វើចត្តាឡីស័កសម្រាប់ការជាប់ទាក់ទងជាមួយអ្នកឆ្លងវីរុស នាយករដ្ឋមន្ត្រីលោក Kiril Petkov បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងបានអញ្ជើញតំណាងក្រុមបាតុករមកការិយាល័យរបស់លោក ដើម្បីពិភាក្សាពីការទាមទាររបស់ពួកគេ៕
អត្ថបទ៖ ប៊ុនថន