ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តបារាំង Stephane Peterhansel បានប្រជែងឈ្នះដំណាក់កាលទី ១០ នៃព្រឹត្តិការណ៍ប្រណាំងយានយន្ត Dakar Rally តែកីឡាករកាតា Nasser Al-Attiyah នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី ១០ ដែលមានចំងាយផ្លូវ ៣៧៥គីឡូម៉ែត្រ កីឡាករដែលបើកបររថយន្តតូយ៉ូតារូបនេះបានមកដល់ទីព្រ័ត្រចំណាយពេល ២ម៉ោង ៥២នាទី ៤៣វិនាទី តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Carlos Sainz យឺតជាង ២នាទី ៦វិនាទី និងលេខ ៣ កីឡាករអាហ្សង់ទីន Orlando Terranova យឺតជាងជិត ៤នាទី។ យ៉ាងណាក្តីក្រោយ ១០ ដំណាក់កាលនេះកីឡាករកាតា Nasser Al-Attiyah នៅតែបន្តគ្រប់គ្រងតារាងរួមដដែលដោយមានវេលាចំណេញពីលើអ្នកលេខ ២ Sebastien Loeb ដល់ទៅជាង ៣០នាទីដដែល។
ងាកមកការប្រកួតផ្នែកម៉ូតូកីឡាករអូស្ត្រាលី Toby Price អតីតជើងឯក Dakar Rally នេះពីរសម័យបានប្រជែងឈ្នះដំណាក់កាលទី ១០ នេះតែអ្នកនាំមុខគេនៅតែជាកីឡាករបារាំង Adrien Van Beveren ដែលមានវេលាចំណេញលើអ្នកលេខ ២ កីឡាករស៊ីលី Pablo Quintanilla ជាង ៥នាទី។ សំរាប់ដំណាក់កាលទី ១១ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ៣៤៦គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ