ក្រុមហាម៉ាស បានអះអាងជាថ្មីថា ខ្លួននឹងមិនយល់ព្រមរំសាយអាវុធទេ លុះត្រាតែមានរដ្ឋអធិបតេយ្យភាពប៉ាឡេស្ទីនត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការទាមទារដ៏សំខាន់របស់អ៊ីស្រាអែលក្នុងការពិភាក្សាអំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងការអត្ថាធិប្បាយដែលខ្លួនបានសំដៅលើបេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff ដែលថាក្រុមហាម៉ាសបានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការទម្លាក់អាវុធរបស់ខ្លួនចុះ។
អ៊ីស្រាអែលចាត់ទុកការរំសាយអាវុធរបស់ក្រុមហាម៉ាសជាលក្ខខណ្ឌសំខាន់មួយក្នុងចំណោមលក្ខខណ្ឌជាច្រើនសម្រាប់កិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ជម្លោះ។
ការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីទទួលបានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងបានជាប់គាំងកាលពីសប្តាហ៍មុន។
ប៉ុន្មានថ្ងៃមុននេះ បណ្ដារដ្ឋាភិបាលអារ៉ាប់បានជំរុញឱ្យក្រុមហាម៉ាសទម្លាក់អាវុធចុះ និងប្រគល់ការគ្រប់គ្រងតំបន់ហ្កាហ្សាឲ្យទៅអាជ្ញាធរប៉ាឡេស្ទីន បន្ទាប់ពីប្រទេសលោកខាងលិចមួយចំនួន រួមទាំងបារាំង និងកាណាដា បានប្រកាសផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងទទួលស្គាល់ ប្រសិនបើអ៊ីស្រាអែល មិនបានបំពេញលក្ខខណ្ឌជាក់លាក់នៅខែកញ្ញានោះទេ៕