យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានវាយប្រហារទីតាំងប្រេងក្នុងប្រទេសរុស្ស៊ី រួមទាំងរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយ ក៏ដូចជាអាកាសយានដ្ឋានយោធាសម្រាប់យានដ្រូនមួយកន្លែង និងរោងចក្រអេឡិចត្រូនិចមួយកន្លែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កងកម្លាំងប្រព័ន្ធយានគ្មានមនុស្សបើក (USF )របស់អ៊ុយក្រែនបាននិយាយថា ពួកគេបានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅទីក្រុង Ryazan ចម្ងាយប្រហែល១៨០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះនៅក្នុងបរិវេណនោះ។
USF បាននិយាយថា ខ្លួនក៏បានវាយប្រហារផងដែរលើកន្លែងស្តុកប្រេង Annanefteprodukt នៅតំបន់ Voronezh ដែលមានព្រំប្រទល់ជាប់ភាគឦសានអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ពុំបានបញ្ជាក់ពីរបៀបដែលគ្រឿងបរិក្ខារត្រូវបានវាយប្រហារនោះទេ ប៉ុន្តែ USF មានជំនាញក្នុងសង្គ្រាមយានដ្រូន រួមទាំងការវាយប្រហាររយៈចម្ងាយឆ្ងាយផងដែរ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីលើការវាយប្រហារដែលបានរាយការណ៍លើទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននោះទេ។
ដោយឡែក ទីភ្នាក់ងារចារកម្ម SBU របស់អ៊ុយក្រែន បាននិយាយថា យានដ្រូនរបស់ខ្លួនជាច្រើនគ្រឿង បានវាយប្រហារលើអាកាសយានដ្ឋានយោធា Primorsko-Akhtarsk របស់រុស្ស៊ី ដែលត្រូវបានប្រើដើម្បីបាញ់បង្ហោះយានដ្រូនរយៈចម្ងាយឆ្ងាយ ទៅកាន់គោលដៅនានាក្នុងប្រទេសអ៊ុយក្រែន៕