ប្រភពពីមន្ទីរពេទ្យក្នុងតំបន់ឡោមព័ទ្ធហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera ថា ជនជាតិប៉ាឡេស្ទីនចំនួន ៦២ នាក់ដែលភាគច្រើនជាអ្នកស្វែងរកជំនួយត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាចាប់តាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍។
ចំនួនអ្នកស្លាប់រួមមានជនជាតិប៉ាឡេស្ទីន ៣៨ នាក់ដែលកំពុងស្វែងរកជំនួយនៅកន្លែងចែកចាយដែលដំណើរការដោយសហរដ្ឋអាមេរិក និងមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) ដែលគាំទ្រដោយអ៊ីស្រាអែល ។
ការស្លាប់នេះគឺជាការសម្លាប់ចុងក្រោយដែលត្រូវបានរាយការណ៍នៅជិតទីតាំងប្រតិបត្តិការ GHF បើទោះបីជាការប្រកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុនថាខ្លួននឹងចាប់ផ្តើមអនុវត្តការផ្អាកប្រយុទ្ធ នៅក្នុងតំបន់មួយចំនួនដើម្បីអនុញ្ញាតឱ្យពលរដ្ឋប៉ាឡេស្ទីនទទួលបានជំនួយមនុស្សធម៌កាន់តែច្រើនក៏ដោយ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងដែនដីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសុក្រ ថា អ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមនៃការផ្អាកប្រចាំថ្ងៃក្នុងប្រតិបត្តិការយោធានៅថ្ងៃទី ២៧ ខែកក្កដា។ ទោះយ៉ាងណាក៏ដោយ ជនជាតិប៉ាឡេស្ទីនចំនួន១០៥ នាក់ត្រូវបានសម្លាប់នៅពេលកំពុងស្វែងរកអាហារកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ។
យោងតាមការិយាល័យសិទ្ធិមនុស្សបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ១សីហា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១.៣៧៣ នាក់ត្រូវបានសម្លាប់ ខណៈកំពុងព្យាយាមទទួលបានជំនួយ៕