ភ្នំពេញ ៖ក្រោយចូលជាធរមានបទឈប់បាញ់រវាងកម្ពជា-ថៃ ចាប់តាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា មកដល់ថ្ងៃទី៣ ខែសីហានេះ កម្ពុជាបានរក្សាបានយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារប្រទេសម៉ាឡេស៊ី។ ខណៈនៅថ្ងៃទី៣ ខែសីហានេះ គឺជាលើកទី២ ដែលក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ានអន្តរកាល ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី និងមានការចូលរួមពីបណ្ដាប្រទេសចំនួន៦ផ្សេងទៀត នឹងអញ្ជើញចុះទៅសង្កេតការណ៍ តាមបណ្ដាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ក្នុងនោះមានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ នេះបើតាម លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រោយការចូលជាធារមាននុវបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ចាប់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី៣ ខែសីហានេះ គឺកម្ពុជានៅប្រកាន់ជំហរ និងឆន្ទៈយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវខ្ពស់ និងមិនប្រែប្រួលនូវជំហររបស់កម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន៕