ចិន និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រជប៉ុននៅថ្ងៃអាទិត្យ៣ សីហា ខណៈប្រទេសទាំងពីរស្វែងរកការពង្រឹងភាពជាដៃគូរបស់ខ្លួន និងប្រឆាំងនូវអ្វីដែលមើលឃើញថាជាសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ទន្ទឹមនឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ ទីក្រុងមូស្គូ និងប៉េកាំង បានពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយទំនាក់ទំនងរបស់ខ្លួនកាន់តែស៊ីជម្រៅចាប់តាំងពីរុស្ស៊ីបានវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថា "សមយុទ្ធដែនសមុទ្រ រួមគ្នាឆ្នាំ២០២៥ " "Joint Sea-2025" បានចាប់ផ្តើមនៅក្នុងដែនទឹកក្បែរកំពង់ផែ Vladivostok របស់រុស្ស៊ី ហើយនឹងមានរយៈពេលបីថ្ងៃ។
ភាគីទាំងពីរនឹងរៀបចំសកម្មភាព "ការជួយសង្គ្រោះនាវាមុជទឹក ការប្រឆាំងនាវាមុជទឹករួមគ្នា ការការពារដែនអាកាស និងប្រតិបត្តិការប្រឆាំងមីស៊ីល និងការប្រយុទ្ធដែនសមុទ្រ"។
ក្រសួងបាននិយាយថា នាវាចិនចំនួនបួនគ្រឿង រួមទាំងនាវាពិឃាតនាំផ្លូវបំពាក់ដោយមីស៊ីល សាវ ស៊ីង (Shaoxing) និងអ៊ូរ៉ាំឈី (Urumqi) កំពុងចូលរួមក្នុងសមយុទ្ធជាមួយនាវារុស្ស៊ី។ បន្ទាប់ពីសមយុទ្ធនេះ ប្រទេសទាំងពីរនឹងធ្វើការល្បាតកងទ័ពជើងទឹកក្នុង "ដែនទឹកដែលពាក់ព័ន្ធនៅមហាសមុទ្រប៉ាស៊ីហ្វិក"៕