
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា លោកនឹងនាំមកនូវប្រព័ន្ធបច្ចេកវិជ្ជាឌីជីថល Blockchain Financial ពីប្រទេសថៃ ដើម្បីយកមកប្រើប្រាស់លើឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ខណៈប្រព័ន្ធឌីជីថលមួយនេះបានកំពុងពេញនិយម និងធ្វើការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាង ខ្លាំងនៅប្រទេសថៃនោះ។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈសារអេឡិចត្រូនិក(តេលេក្រាម) នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ លោក បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករាម្សិលមិញនៅក្នុងបេសកកម្មបំពេញការងារផ្លូវការនៅប្រទេសថៃ លោកបានជួបពិភាក្សាការងារជាមួយលោក Jirayut Supsrisopha ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Bitkub Capital Group Holdings Co., LTD. (Thailand) ជាក្រុមហ៊ុនប្រើប្រាស់ផ្នែកបច្ចេកវិជ្ជាឌីជីថល Blockchain Financial មួយនៅប្រទេសថៃ ដើម្បីស្វែងយល់អំពីប្រព័ន្ធបច្ចេកវិជ្ជាទំនើបនេះយកមកប្រើប្រាស់នៅកម្ពុជាដែរ។
លោក សុខ សុក្រឹត្យា បានបន្តថាគោលបំណងនៃការជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុននេះគឺ ដើម្បីសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅថែមទៀតអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល និងដើម្បីសិក្សានាំយកប្រព័ន្ធដ៏ទំនើបនេះមកប្រើប្រាស់ នៅក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជានាពេលឆាប់ៗខាងមុខនេះ ដោយប្រព័ន្ធបច្ចេកវិជ្ជានេះ នឹងធ្វើការទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនដោយសារតែប្រព័ន្ធនេះវាបានផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងនោះ។
នៅក្នុងកិច្ចជំនួបនោះ លោកអគ្គនាយកក្រុមហ៊ុន បានផ្តល់បទពិសោធន៍រួមទាំងចំណេះដឹងសំខាន់ៗទាក់ទងនិងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះ ហើយបានបង្ហាញពីសក្តានុពលនិងសារៈសំខាន់នៃការប្រើប្រាស់ ប្រព័ន្ធឌីជីថលនេះផងដែរ។ លោកបានលើកឡើងថា ក្រុមហ៊ុន Bitkub រីករាយនិងត្រៀមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាវិស័យឯកជនដ៏ទៃទៀត ក្នុងការនាំយកប្រព័ន្ធបច្ចេកវិជ្ជាទំនើបនេះមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យទេសចរណ៍ ស្របពេលដែលកម្ពុជាមានសក្ដានុភាពច្រើនលើវិស័យមួយនេះ។
ជាមួយគ្នានោះលោកនាយកក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា ប្រពន្ធ័បច្ចេកវិជ្ជាដ៏ទាន់សមយ័មួយនេះគឺគ្មានអ្នកណាអាចហេកព័ត៌មានសម្ងាត់បាននោះឡើយ ខណៈវាមានប្រព័ន្ធសន្តិសុខឌីជីថលល្អក្នុងការរក្សាទិន្នន័យរបស់អតិថិជននោះ៕ អត្ថបទ៖ បាន ចក់