យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ ហិម៉ាចាល់ប្រទេស (Himachal Pradesh) (SDMA) របស់ប្រទេសឥណ្ឌា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់១៧៩នាក់ ក្នុងនោះ ១០១នាក់ បណ្ដាលមកពីគ្រោះមហន្តរាយទាក់ទងនឹងភ្លៀងរដូវមូសុង ដូចជា ទឹកជំនន់ដ៏គំហុក បំណាក់ដី និងរន្ទះបាញ់ជាដើម ខណៈមនុស្ស៧៨នាក់ផ្សេងទៀត បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីអាកាសធាតុអាប់អួរ និងផ្លូវដែលរងការបំផ្លិចបំផ្លាញ។
របាយការណ៍ចុងក្រោយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា រដ្ឋ ហិម៉ាចាល់ប្រទេស (Himachal Pradesh) បានរងគ្រោះធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិតមនុស្ស និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសាររដូវមូសុងដ៏ធ្ងន់ធ្ងរចន្លោះពីថ្ងៃទី២០ខែមិថុនា និងទី២ខែសីហា ឆ្នាំ២០២៥នេះ។
ប្រភពពីអាជ្ញាធរខាងលើ បានបញ្ជាក់ពីការរំខានយ៉ាងខ្លាំងដល់សេវាសាធារណៈ ដោយក្នុងនោះ ផ្លូវចំនួន៤០៣ខ្សែ ត្រូវបានបិទ ស្ថានីយ៍ផ្គត់ផ្គង់ថាមពល៤១១កន្លែងត្រូវបានរំខាន និងគម្រោងផ្គត់ទឹកចំនួន១៩៦កន្លែង ត្រូវបានកាត់ផ្ដាច់ គ្រិតត្រឹមល្ងាចថ្ងៃសុក្រទី១សីហា។
ចំណែកនៅក្នុងទីក្រុង Patna នៃរដ្ឋ Biharភាគខាងកើតរបស់ប្រទេសឥណ្ឌាឯណោះវិញ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបានរំខានដល់ អាជីវកម្មនៅតាមផ្សារសំខាន់ៗ កាលពីថ្ងៃសៅរ៍ទី២សីហា៕


