នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ៣ សីហាថា លោកបាននិយាយជាមួយប្រធានកាកបាទក្រហមអន្តរជាតិប្រចាំតំបន់លោក Julien Lerisson ហើយបានស្នើសុំការចូលរួមរបស់លោកក្នុងការផ្តល់អាហារ និងការថែទាំវេជ្ជសាស្រ្តដល់ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា។
យោងតាមមន្ត្រីអ៊ីស្រាអែល ចំណាប់ខ្មាំង ៥០ នាក់ឥឡូវនេះនៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ហើយមានតែ ២០ នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿថានៅរស់។

កាលពីថ្ងៃសៅរ៍ ក្រុមហាម៉ាស បានបញ្ចេញវីដេអូទីពីររបស់ខ្លួនក្នុងរយៈពេលពីរថ្ងៃនៃចំណាប់ខ្មាំងអ៊ីស្រាអែល ឈ្មោះ Evyatar David។ ក្នុងនោះ David ដែលមានរាងស្គមស្គាំង ត្រូវបានគេបង្ហាញថា កំពុងជីករណ្តៅមួយ ដែលរូបគេនិយាយនៅក្នុងវីដេអូថា គឺសម្រាប់ផ្នូរផ្ទាល់ខ្លួនរបស់លោក។
ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានរៀបចំដើម្បីសម្របសម្រួលជាមួយកាកបាទក្រហមដើម្បីផ្តល់ជំនួយដល់ចំណាប់ខ្មាំងដែលខ្លួនកំពុងឃុំនៅតំបន់ហ្កាហ្សា ប្រសិនបើអ៊ីស្រាអែលបើកច្រករបៀងមនុស្សធម៌ជាអចិន្ត្រៃយ៍ និងបញ្ឈប់ការវាយប្រហារតាមអាកាសក្នុងអំឡុងពេលចែកចាយជំនួយ។
វីដេអូរបស់លោក David ទាក់ទាញការរិះគន់ពីមហាអំណាចលោកខាងលិច និងធ្វើឲ្យជនជាតិអ៊ីស្រាអែលរន្ធត់ចិត្ត។ បារាំង អាល្លឺម៉ង់ អង់គ្លេស និងអាមេរិក ស្ថិតក្នុងចំណោមប្រទេសដែលសម្តែងការខឹងសម្បារ ហើយក្រសួងការបរទេសអ៊ីស្រាអែលបានប្រកាសថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំពិសេសមួយនៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ស្តីពីបញ្ហាស្ថានភាពចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា៕

