ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយថា ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានចាប់ផ្តើមដកចេញនៅថ្ងៃចន្ទនេះ នូវឧបករណ៍បំពងសំឡេង ដែលផ្សព្វផ្សាយប្រឆាំងកូរ៉េខាងជើង នៅតាមបណ្តោយព្រំដែនរបស់ប្រទេសនេះ ខណៈរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី Lee Jae Myung ស្វែងរកការបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។

ភ្លាមៗបន្ទាប់ពីលោកចូលកាន់តំណែងក្នុងខែមិថុនា រដ្ឋបាលរបស់លោក Lee បានបិទការផ្សាយឃោសនារិះគន់របបកូរ៉េខាងជើង ខណៈស្វែងរកការស្តារឡើងវិញនូវកិច្ចសន្ទនាដែលជាប់គាំងជាមួយប្រទេសជិតខាងរបស់ខ្លួន។
ប៉ុន្តែថ្មីៗនេះ កូរ៉េខាងជើង បានច្រានចោលដោយបាននិយាយថា ខ្លួនមិនមានចំណាប់អារម្មណ៍ក្នុងការនិយាយជាមួយកូរ៉េខាងត្បូងទេ។
ប្រទេសទាំងនោះនៅតែស្ថិតក្នុងសង្គ្រាមតាមភាសាបច្ចេកទេស បន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ ១៩៥៣ បានបញ្ចប់មានត្រឹមបទឈប់បាញ់ ហើយទំនាក់ទំនងបានធ្លាក់ចុះដុនដាបខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ការរុះរើឧបករណ៍បំពងសម្លេងរបស់ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃចន្ទនេះ គឺគ្រាន់តែជាវិធានការជាក់ស្តែងដើម្បីជួយបន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប៉ុណ្ណោះ៕

