យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានអនុម័តការបង្កើតក្រុមប្រឹក្សាការពារជាតិថ្មីមួយ កាលពីថ្ងៃអាទិត្យ (០៣ សីហា) បន្ទាប់ពីសង្គ្រាមផ្លូវអាកាសដ៏ខ្លាំងក្លារយៈពេលខ្លីជាមួយអ៊ីស្រាអែល កាលពីខែមិថុនា ដែលជាបញ្ហាប្រឈមផ្នែកយោធាដ៏ធំបំផុតរបស់អ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៨០ ជាមួយអ៊ីរ៉ាក់មក។

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា "ស្ថាប័នការពារជាតិថ្មីនឹងពិនិត្យឡើងវិញនូវផែនការការពារជាតិ និងបង្កើនសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ក្នុងលក្ខណៈមជ្ឈការ" ។
ក្រុមប្រឹក្សាការពារជាតិថ្មីនោះនឹងដឹកនាំដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងរួមមានប្រធាននៃសាខាអំណាចរដ្ឋាភិបាលទាំងបី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធជាន់ខ្ពស់ និងក្រសួងពាក់ព័ន្ធ។ កាលពីថ្ងៃអាទិត្យដដែលនេះ អគ្គមេបញ្ជាការយោធាអ៊ីរ៉ង់ លោក Amir Hatami បានព្រមានថា ការគំរាមកំហែងពីអ៊ីស្រាអែល នៅតែបន្តកើតមាន ហើយមិនគួរមើលស្រាលស្ថានការណ៍ឡើយ៕

