ប្រទេសមួយក្រុមជាផ្នែកមួយនៃសម្ព័ន្ធមិត្តអង្គការOPECបូក នៃប្រទេសនាំចេញប្រេង បានព្រមព្រៀងជំរុញផលិតកម្មប្រេង ជាចំណាត់ការមួយដែលអ្នកមួយចំនួនជឿថាអាចកាត់បន្ថយតម្លៃប្រេង និងប្រេងសាំង ដោយលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចសកលដែលមានស្ថិរភាព។

ក្រុមប្រទេសនេះ បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា ហើយបានប្រកាសថាប្រទេសចំនួន៨នៃប្រទេសសមាជិករបស់ខ្លួននឹងបង្កើនផលិតកម្មប្រេងចំនួន ៥៤៧.០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកញ្ញា។
ប្រទេសនានាដែលបង្កើនទិន្នផលប្រេង រួមមាន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងប្រទេសអូម៉ង់ បាននិងកំពុងចូលរួមក្នុងការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្ត។

រដ្ឋមន្ត្រីប្រេងរបស់ប្រទេសគុយវ៉ែត លោក Tariq Al-Roumi បានសរសើរការសម្រេចចិត្តរបស់អង្គការ OPECបូក ក្នុងការបង្កើនផលិតកម្មប្រេង ដោយនិយាយថាវាបង្ហាញពីការសម្របសម្រួលក្នុងគោលបំណងធានាបានស្ថិរភាពទីផ្សារប្រេង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Al-Roumi បាននិយាយថា ការសម្រេចចិត្តនេះគឺផ្អែកលើ «ការវិភាគយ៉ាងហ្មត់ចត់នៃទិន្នន័យទីផ្សារ រួមទាំងការផលិត ការរស្តុកទុក និងការរំពឹងទុកនាពេលអនាគត»។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់អង្គការ OPECបូក កាលពីក្នុងខែកក្កដា ក្នុងការជំរុញការផលិតចំនួន ៥៤៨.០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងខែសីហានេះ។