មន្រ្តីកាណាដាមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យ (០៣ សីហា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ទំនងជានឹងពិភាក្សាគ្នាតាមទូរសព្ទ "ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់" ក្រោយសហរដ្ឋអាមេរិក បានដាក់ពន្ធ ៣៥% លើទំនិញកាណាដា ដែលមិនគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក-កាណាដា។

លោក Dominic LeBlanc រដ្ឋមន្ត្រីនៃគណរដ្ឋមន្រ្តីសហព័ន្ធទទួលបន្ទុកពាណិជ្ជកម្មអាមេរិក-កាណាដា បានប្រាប់ CBS News ថា លោកមានសុទិដ្ឋិនិយមលើការពិភាក្សានាពេលថ្មីៗនេះ ហើយជឿជាក់ថា កិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធនៅតែជាជម្រើសដ៏ល្អមួយ។ រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបាននិយាយថា លោករំពឹងថាលោក Carney និងលោក Trump នឹងពិភាក្សាគ្នា "ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់"។
លោក LeBlanc បាននិយាយថា "កាណាដាគិតថានៅមានជម្រើសនៃការធ្វើកិច្ចព្រមព្រៀងមួយ ដែលនឹងកាត់បន្ថយពន្ធមួយចំនួននេះ ហើយផ្តល់នូវភាពប្រាកដប្រជាកាន់តែច្រើនដល់ការវិនិយោគ"។
ទីក្រុងវ៉ាស៊ីនតោន បានភ្ជាប់ការប្រកាសពន្ធដ៏ខ្ពស់កាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ ថាជាផ្នែកទៅនឹងអ្វីដែលខ្លួននិយាយថា កាណាដាបរាជ័យក្នុងការបញ្ឈប់ការរត់ពន្ធសារធាតុញៀនហ្វង់តានីល។ ពន្ធ ៣៥%នេះ គឺជាការវាយប្រហារចុងក្រោយបំផុតនៅក្នុងសង្គ្រាមពន្ធគយរយៈពេលជាច្រើនខែរបស់លោក Trump ដែលកើតឡើងភ្លាមៗបន្ទាប់ពីការវិលត្រឡប់មកកាន់អំណាចនៅឆ្នាំនេះ៕

