ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ទី៣ ខែសីហាប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានអរគុណដល់នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Shehbaz Sharif សម្រាប់ការគាំទ្ររបស់ប្រទេសលោក នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនា។

លោក Pezeshkian ត្រូវបានស្វាគមន៍នៅឯលំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីដោយកម្រាលព្រំក្រហមនិងឆ្មាំកិត្តិយស។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួម លោក Sharif បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនិងបាននិយាយថា អ៊ីរ៉ង់មាន «សិទ្ធិគ្រប់យ៉ាង» ដើម្បីទទួលបានថាមពលនុយក្លេអ៊ែរ ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

មេដឹកនាំទាំងពីរ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដោយលោក Pezeshkian បានបញ្ជាក់មុនដំណើរទស្សនកិច្ចនេះថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអាចកើនឡើងដល់១០ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ក្នុងស្រុកមួយ។ លោក Pezeshkian ក៏បានជួបជាមួយប្រធានាធិបតីប៉ាគីស្ថាន លោក Asif Ali Zardari កាលពីថ្ងៃអាទិត្យផងដែរ។