នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយនៅថ្ងៃចន្ទ (០៤ សីហា) នេះថា រដ្ឋាភិបាលជប៉ុន ត្រៀមខ្លួនជាស្រេចក្នុងការប្រមូលថវិកាឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីទប់ស្កាត់ការប៉ះទង្គិចសេដ្ឋកិច្ចដោយសារតែការដំឡើងពន្ធ ១៥% របស់សហរដ្ឋអាមេរិក ដោយនេះជាវិធានការដែលនឹងបន្ថែមភាពតានតឹងខ្លាំងដល់ហិរញ្ញវត្ថុរបស់ជប៉ុន។

បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីខែមុន ក្រុមចម្រុះកាន់អំណាចសំឡេងភាគតិចរបស់លោក Ishiba កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីធ្វើតាមការទាមទារឱ្យជំរុញការចំណាយ និងកាត់បន្ថយពន្ធអាករក្នុងស្រុកលើការលក់នៅប្រទេសជប៉ុន។
នៅពេលត្រូវសាកសួរដោយសមាជិកសភាថាតើរដ្ឋាភិបាលនឹងប្រមូលថវិកាបន្ថែមដែលរួមបញ្ចូលការកាត់បន្ថយពន្ធអាករដែរឬទេ លោក Ishiba បានប្រាប់សភាថា "ក្រុមរបស់លោកនឹងធ្វើបែបនោះប្រសិនបើចាំបាច់ ដោយក៏គិតគូរពីកិច្ចពិភាក្សាជាមួយបក្សផ្សេងទៀតផងដែរ"។
ការប្រមូលថវិកាបន្ថែមបានក្លាយទៅជាការអនុវត្តជាប្រចាំទៅហើយនៅជប៉ុន ខណៈអ្នកនយោបាយអំពាវនាវឱ្យបង្កើនការចំណាយដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ លោក Ishiba មិនបានធ្វើអត្ថាធិប្បាយពីទំហំថវិកាបន្ថែមដែលអាចទៅរួចនោះទេ ប៉ុន្តែអ្នកវិភាគមួយចំនួនរំពឹងថា កញ្ចប់នេះអាចឈានដល់ប្រហែល ១០សែនកោដិយ៉េន (៦៧,៦៨ ពាន់លានដុល្លារអាមេរិក)៕

