លោកប្រធានាធិបតី Donald Trump បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា បេសកជនពិសេសរបស់លោកគឺលោក Steve Witkoff នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅសប្តាហ៍នេះ នៅមុនថ្ងៃកំណត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការកើនឡើងភាពតានតឹងជាមួយទីក្រុងមូស្គូ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump ក៏បាននិយាយផងដែរថា នាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរដែលលោកបានដាក់ពង្រាយ បន្ទាប់ពីមានជម្លោះតាមបណ្ដាញសង្គមជាមួយអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ឥឡូវនេះស្ថិតនៅក្នុងតំបន់នោះ។
លោក Trump ពុំបាននិយាយថាតើលោកចង់សំដៅលើនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអែរ ឬនាវាមុជទឹកបំពាក់ដោយអាវុធនុយក្លេអ៊ែរទេ។ លោកក៏ពុំបានបញ្ជាក់លម្អិតអំពីទីតាំងដាក់ពង្រាយពិតប្រាកដ ដែលត្រូវបានរក្សាទុកជាសម្ងាត់ដោយយោធាអាមេរិក នោះដែរ។
ការបង្ហាញពីកម្លាំងគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ មានឡើងស្របពេលថ្ងៃផុតកំណត់ដែលដាក់ដោយលោក Trump នៅដំណាច់សប្តាហ៍ក្រោយ សម្រាប់ឲ្យប្រទេសរុស្ស៊ី ចាត់វិធានការដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន បើពុំនោះសោធ ត្រូវប្រឈមនឹងទណ្ឌកម្មថ្មីដែលមិនជាក់លាក់។
មេដឹកនាំគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា លោក Witkoff នឹងធ្វើទស្សនកិច្ចនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ៕

