
ភ្នំពេញ៖ ឯកឧត្ដម គន់ គីម បានលើកឡើងថា ការសាងសង់ស្តូបឈ្នះ-ឈ្នះ តេជោសែនតំបន់អន្លង់វែង ក្នុង ខេត្តឧត្ដរមានជ័យ ជានិមិត្តរូប នៃការបញ្ចប់សង្គ្រាម។
ឯកឧត្ដម គន់ គីម ប្រធានគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ តេជោសែនតំបន់អន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការសង់ស្តូបឈ្នះ-ឈ្នះ ដើម្បីទុកជាការចងចាំ អំពីការខិតខំតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សាជាតិបញ្ចប់សង្គ្រាម នាំមកនូវសន្ដិភាពពេញលេញសម្រាប់ជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨។
អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ តេជោសែន តំបន់អន្លង់វង កំពុងស្នើសុំឲ្យអាជ្ញាធរដែនដីពាក់ព័ន្ធផ្តល់ឯកសារជាផ្លូវការ ដើម្បីក្រុមបច្ចេកទេសចាប់ផ្តើមដំណើរការសិក្សាគម្រោងតួស្តូបទាំងមូលតាមទម្រង់បច្ចេកទេសឆាប់ៗនេះ។
ឯកឧត្ដម បានប្រាប់BTVថា ការសាងសង់ស្តូបឈ្នះ-ឈ្នះ តេជោសែនតំបន់អន្លង់វែង គឺជារឿងដ៏មានសារៈសំខាន់ ដើម្បីចងចាំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការបញ្ចប់សង្គ្រាមពេញលេញនៅកម្ពុជា។
ចំពោះការជ្រើសយកទីតាំងតំបន់អន្លង់វែង ដើម្បីសាងសង់ស្តូបឈ្នះ ឈ្នះ នេះត្រូវបានអនុគណៈកម្មការសាងសង់ បញ្ជាក់ថា ពីព្រោះតែតំបន់អន្លង់វែង គឺបានបង្កប់នូវអត្ថន័យ និងតឹកតាងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ដែលបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅក្នុងនយោបាយឈ្នះ ឈ្នះ សម្តេចតេជោសែន។ ការសាងសង់ គឺស្នើឲ្យអនុវត្តតាមទម្រង់ នៃការសាងសង់ស្តូបនៅខេត្តកោះកុង និងឈរទៅលើស្ថានភាព នៃលក្ខណៈភូមិសាស្ត្រ និងស្ថានភាពទីតាំងជាក់ស្តែង។
អាជ្ញាធរស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ កំពុងពិនិត្យដោះស្រាយផលប៉ះពាល់ដីក្នុងតំបន់អនុក្រឹត្យ ក្នុងរង្វង់សរុប ២៤ហិកតា ដើម្បីរៀបចំឱ្យក្រុមបច្ចេកទេសដំណើរអនុវត្តគម្រោងជាក់ស្តែង។
កម្ពុជា បានបញ្ចប់សង្គ្រាមពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន។ ព្រោះតែនយោបាយឈ្នះឈ្នះនេះហើយ ទើបនាំឲ្យកម្ពុជាមានសន្តិភាព ផ្ដល់ឱកាសឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់ពេលនេះ។ ដូច្នេះហើយ ការរំលឹកឡើងវិញអំពីកត្តាប្រវត្តិសាស្ដ្រនេះ គួរត្រូវបានធ្វើ ដើម្បីជាការដឹងគុណចំពោះស្ថាបនិកនយោបាយឈ្នះ ឈ្នះ៕អត្ថបទ៖ សេក ឧត្តម







