យោធាប្រទេសហ្ស៊កដានី បាននិយាយថា ប្រទេសជាច្រើនកាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានទម្លាក់ជំនួយពីយន្តហោះចំនួន៧គ្រឿងដែលផ្ទុកជំនួយ៦១តោនចូលទៅក្នុងតំបន់ហ្កាហ្សា។ យោធាបាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះរួមមានយន្តហោះពីរគ្រឿងមកពីកងទ័ពអាកាសហ្ស៊កដានី ២គ្រឿងមកពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មួយគ្រឿងមកពីប្រទេសអារ៉ាប់រួម មួយគ្រឿងមកពីប្រទេសបារាំង និងមួយគ្រឿងទៀតមកពីប្រទេសបែលហ្ស៊ិក។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា មនុស្ស៦នាក់ទៀតបានស្លាប់ដោយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅក្នុងតំបន់ហ្កាហ្សាក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគូសបញ្ជាក់ពីគ្រាអាសន្នផ្នែកមនុស្សធម៌របស់តំបន់ហ៊ុមព័ទ្ធមួយនេះ។ អាជ្ញាធរនិយាយថាអ្នកស្លាប់ថ្មីបានបង្កើនចំនួនអ្នកស្លាប់ជាអ្វីដែលទីភ្នាក់ងារមនុស្សធម៌អន្តរជាតិនិយាយថាអាចជាទុរ្ភិក្សកំពុងកើនឡើងដល់១៧៥នាក់ក្នុងនោះមានកុមារ៩៣នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

អ៊ីស្រាអែលបានដាក់កំហុសលើក្រុមហាម៉ាស ចំពោះការរងទុក្ខលំបាកនៅតំបន់ហ្កាហ្សា ប៉ុន្តែក្នុងការឆ្លើយតបទៅនឹងការតវ៉ាអន្តរជាតិដែលកំពុងកើនឡើង ប្រទេសនេះបានប្រកាសពីចំណាត់ការកាលពីសប្តាហ៍មុនដើម្បីអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតបានចូលទៅដល់ប្រជាជន រួមទាំងការផ្អាកការប្រយុទ្ធគ្នាសម្រាប់ពេលណាមួយពេលថ្ងៃនៅក្នុងតំបន់មួយចំនួន ដែលយល់ព្រមឲ្យការទម្លាក់ជំនួយតាមយន្តហោះ និងការប្រកាសផ្លូវដែលត្រូវបានការពារសម្រាប់ក្បួនរថយន្តដឹកជំនួយ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ការទម្លាក់ស្បៀងអាហារតាមយន្តហោះ មិនគ្រប់គ្រាន់ទេ ហើយអ៊ីស្រាអែលត្រូវតែអនុញ្ញាតឱ្យមានជំនួយច្រើនបន្ថែមទៀតតាមដីគោក និងបើកផ្លូវដំណើរការចូលទៅក្នុងដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ជាកន្លែងដែលភាពអត់ឃ្លានបានរាលដាល។