គ្រួសារយោធិនពលីក្នុងការប៉ះទង្គិចរវាងយោធាកម្ពុជា និងយោធាថៃ បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយបំណុល ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុ។
ក្រោយពេលយោធាកម្ពុជា និងយោធាថៃ បានប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនរហូតធ្វើឱ្យយោធាកម្ពុជាមួយចំនួនបានបាត់បង់ជីវិតនោះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្ញើសារចូលរួមរំលែកមរណទុក្ខ និងផ្តល់ជាថវិកាជូនគ្រួសារសពជាបន្តបន្ទាប់។ ក្នុងនោះ ដោយមើលឃើញពីបញ្ហាហិរញ្ញវត្ថុជាកម្ចីរបស់យោធិនពលីជាមួយបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាតបតាមការអំពាវនាវរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី អំពាវនាវឱ្យលុបចោលបំណុលនោះ មានគ្រួសារយោធិនពលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់ ក្រោយយោធិនជាមេគ្រួសារត្រូវបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ។
គ្រួសារយោធិន ដែលត្រូវបានធនាគារលុបចោលបំណុល លើកឡើងថា ការលុបចោលបំណុលនេះ គឺជាការគិតគូរយ៉ាងម៉ត់ចត់បំផុត និងសម្រាលបន្ទុកហិរញ្ញវត្ថុជូនក្រុមគ្រួសារយោធិនពលីនីមួយៗ។
សូមជម្រាបថា តបតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីលារលុបចោលបំណុលនេះ បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានប្រកាសចូលរួមលុបចោលបំណុលទាំងអស់របស់យោធិនពលី គឺតបស្នងសងគុណ ក៏ដូចជាការគោរពដល់ការពលីជីវិតក្នុងបុព្វហេតុនៃកិច្ចការការពារជាតិ និងជាការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ព្រមទាំងក្រុមគ្រួសារ ក្នុងចំណែកណាមួយក្នុងអំឡុងពេលដ៏សែនលំបាក។
លើសពីនេះ បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នឹងចងចាំនូវការលះបង់ដ៏ធំធេង និងវីរភាពដ៏ក្លាហានរបស់យោធិនពលីគ្រប់រូប នៅក្នុងបុព្វហេតុនៃការការពារបូរណភាពទឹកដីកម្ពុជា៕









