យោងតាមប្រភពបីដែលដឹងអំពីបញ្ហានេះបាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូ កំពុងតែធ្វើការលើវិធីសាស្រ្តមួយដើម្បីផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន ដោយប្រើប្រាស់មូលនិធិពីប្រទេសសមាជិកណាតូ ដើម្បីចំណាយលើការទិញ ឬផ្ទេរអាវុធរបស់សហរដ្ឋអាមេរិក។

កិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិកជាថ្មីលើអ៊ុយក្រែន បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងការខកចិត្តកាន់តែខ្លាំងឡើងចំពោះការវាយប្រហាររបស់កងកម្លាំងទីក្រុងមូស្គូ ទៅលើប្រទេសជិតខាងរបស់ខ្លួន ខណៈលោក Trump ក៏បានគំរាម ដាក់ពន្ធគយធ្ងន់ធ្ងរ និងវិធានការតឹងរ៉ឹងផ្សេងទៀត ប្រសិនបើក្រុងមូស្គូមិនបង្ហាញពីវឌ្ឃនភាពក្នុងការបញ្ចប់ជម្លោះត្រឹមថ្ងៃទី០៨ ខែសីហា ខាងមុខទេនោះ។
លោកប្រធានាធិបតីរូបនេះបាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដែលចំណាយដោយសម្ព័ន្ធមិត្តអឺរ៉ុប ប៉ុន្តែមិនបានបង្ហាញពីមធ្យោបាយផ្ទេរអាវុធនោះទេ។ ប្រភពខាងលើបានឱ្យដឹងថា បណ្ដាប្រទេសណាតូ អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងបង្កើតយន្តការថ្មីមួយ ដែលនឹងផ្តោតលើការទទួលបានអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន ពីបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព ដែលត្រូវបានគេស្គាល់ក្រោមអក្សរកាត់ថា PURL។
អ៊ុយក្រែននឹងផ្តល់អាទិភាពដល់សព្វាវុធដែលខ្លួនត្រូវការក្នុងទំហំទឹកប្រាក់ប្រហែល ៥០០លានដុល្លារ ហើយសម្ព័ន្ធមិត្តក្នុងណាតូ — ដែលសម្របសម្រួលដោយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte— ក្រោយមកនឹងចរចាថាសមាជិកណាដែលនឹងបរិច្ចាគ ឬចំណាយសម្រាប់គ្រឿងសព្វាវុធនៅក្នុងបញ្ជីទាំងនោះ៕

