ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ (SANA) បានរាយការណ៍ ដោយដកស្រង់សម្តីពីក្រសួងការពារជាតិស៊ីរីថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃើដ បានបើកការវាយប្រហារដោយ គ្រាប់រ៉ូកែត និងកាំភ្លើងធំ នៅភាគខាងជើងប្រទេសស៊ីរី ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ៧នាក់ រងរបួស ក្នុងនោះ មានទាហានស៊ីរី ៤នាក់ និងជនស៊ីវិល ៣នាក់។
ក្រសួងបាននិយាយថា ការវាយប្រហារនោះ បានកំណត់គោលដៅទៅលើភូមិមួយ នៅជិតទីក្រុង Manbij ក្នុងខេត្តភាគខាងជើងទីក្រុងអាឡិបប៉ូ (Aleppo) ដោយគ្រាប់រ៉ូកែត និងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ដោយពុំមានការទទួលខុសត្រូវ និងដោយមិនដឹងមូលហេតុ»។

ក្រសួងបានអះអាងថា តាមសេចក្តីរាយការណ៍ ការបាញ់គ្រាប់រ៉ូកែត និងកាំភ្លើងធំទាំងនោះ បានបំផ្លាញផ្ទះជនស៊ីវិលជាច្រើនខ្នង និងបានជំរុញឲ្យមានការឆ្លើយតបពីយោធាភ្លាមៗ ពីអង្គភាពកងទ័ពស៊ីរី នៅក្នុងតំបន់។
ក្រសួងការពារជាតិ បាននិយាយថា កងកម្លាំងស៊ីរី បានវាយរុញច្រានការប៉ុនប៉ងលួចចូលរបស់ក្រុមយុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅជិតប៉ុស្តិ៍យោធាមួយរបស់ខ្លួន នៅភាគខាងលិចទីក្រុង Manbij។
ជាការឆ្លើយតប កងកម្លាំងស៊ីរី បានបើក«ការវាយប្រហារយ៉ាងជាក់លាក់» ប្រឆាំងនឹងទីតាំងកាំភ្លើងធំរបស់ កងកម្លាំង SDF រួមទាំងជើងទម្របាញ់រ៉ូកែត និងកាំភ្លើងធំចល័ត ដែលបានរកឃើញនៅភាគខាងកើត ទីក្រុងអាឡិបប៉ូ។
អរិភាពនេះ បានកើតឡើង ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនាពេលថ្មីៗនេះ រវាងទីក្រុងដាម៉ាស និងអាជ្ញាធរឃើដ ក្នុងគោលបំណងបង្ហាញជំហរឯកភាពលើបញ្ហាជាតិ និងសន្តិសុខក្តី។
