ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសម្តែងការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបេសកជនពិសេសកម្ពុជា ដើម្បីស្វែងរកសន្តិភាព ជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺសមស្របទៅនឹងផែនការសកម្មភាពរបស់សហគមអន្តរជាតិ ជាមួយប្រទេសមីយ៉ាន់ម៉ានោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីប្រារព្ឋពិធីស្វាគមន៍និស្សិតពេទ្យកម្ពុជាដែលបានបញ្ចប់កម្មសិក្សានៅប្រទេសបារាំងក្នុងរយៈពេលមួយឆ្នាំ នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ លោក ហ្សាក់ ប៉ឺឡេ «យើងបានកត់សម្គាល់ពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា។ ដូចលោកអ្នកដឹងស្រាប់ហើយ ប្រទេសបារាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន ដែលដិតដាមដោយអំពើហិង្សា និងអស្ថេរភាព។ យើងសង្ឃឹមថា វិបត្តិនៅប្រទេសនេះនឹងត្រូវបានដោះស្រាយតាមរយៈការចរចារនយោបាយដោយបើកចំហ និងប្រកបដោយបរិយាប័ន្នជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមជាមួយការបញ្ជូនជំនួយមនុស្សធម៌។ យើងនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបេសកជនពិសេសកម្ពុជា គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចំពោះការខិតខំប្រឹងប្រែងទាំងឡាយនៅក្នុងទិសដៅនេះ ដោយឈរនៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងកុងសង់ស៊ីសប្រាំចំណុច ដែលត្រូវតែជាផែនការសកម្មភាពរបស់សហគមអន្តរជាតិ និងប្រទេសមីយ៉ាន់ម៉ា។ វានឹងគ្មានដំណោះស្រាយអ្វីក្រៅពីការអនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំនេះទេ»៕
អត្ថបទ៖បាន ចក់



