ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ អាជ្ញាធរអ៊ីស្រាអែល បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ១៨.៥០០នាក់ នៅតំបន់វេសបែង (West Bank) ភាគខាងកើត ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត និងតំបន់ហ្កាហ្សា។ នេះបើយោងតាមរបាយការណ៍ចុងក្រោយអំពីអ្នកទោស ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

អាជ្ញាធរកិច្ចការអ្នកទោស និងអ្នកជួយសង្គ្រោះ និងក្លិបអ្នកទោសប៉ាឡេស្ទីន បាននិយាយថា តួលេខនេះ រួមមានស្ត្រី ៥៧០ នាក់ និងកុមារ ១.៥០០ នាក់ បន្ថែមពីលើអ្នកកាសែត ១៩៤ នាក់ ក្នុងនោះ ៤៩នាក់ កំពុងជាប់ឃុំ។

ក្រុមសិទ្ធិមនុស្ស បានរាយការណ៍ថា យ៉ាងហោចណាស់អ្នកទោស ៧៥នាក់ បានស្លាប់ នៅក្នុងពន្ធនាគារអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងនោះ ៤៦នាក់ មកពីតំបន់ហ្កាហ្សាស្ទ្រីប។ អាជ្ញាធរអ៊ីស្រាអែល បន្តរក្សាសាកសពអ្នកទោស ៧២នាក់ ក្នុងចំណោម ៨៣នាក់ ដែលបានស្លាប់សរុបទាំងមុន និងក្រោយខែតុលា ឆ្នាំ ២០២៣។
របាយការណ៍នេះ រួមបញ្ចូលជនជាតិប៉ាឡេស្ទីន ដែលត្រូវចាប់ខ្លួនពីផ្ទះរបស់ពួកគេ អំឡុងពេលការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ឬនៅប៉ុស្តិ៍ត្រួតពិនិត្យយោធា។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ មិនបានរាប់បញ្ចូលចំនួនជាក់លាក់និងសរុបនៃអ្នកទោស ដែលត្រូវបានចាប់ខ្លួននៅតំបន់ហ្កាហ្សា អំឡុងពេលយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅក្នុងដែនដីឆ្នេរសមុទ្រនោះទេ។