កាសែត Global Times សរសេរដោយដកស្រង់សម្តីអ្នកជំនាញចិនថា ឥណ្ឌា និងប្រេស៊ីល ចាប់អារម្មណ៍លើការនាំចូលថាមពលពីរុស្ស៊ី ហើយនឹងមិនចុះចាញ់នឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)នោះទេ ។

លោក Lu Xiang អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន បានប្រាប់សារព័ត៌មាននេះ៖«ការដំឡើងពន្ធរបស់លោក ត្រាំ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសផ្សេងៗ ជាជាងរង់ចាំសេចក្តីវិនាសដោយអសកម្ម វាជាការប្រសើរជាងក្នុងការរក្សាជំហរឲ្យរឹងមាំ ដើម្បីកាត់បន្ថយការខាតបង់»។ យោងតាមលោក គ្រប់ប្រទេសទាំងអស់ មានសិទ្ធិការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ហើយប្រេ ស៊ីល និងឥណ្ឌា កំពុងធ្វើសកម្មភាពលើគោលការណ៍នេះ ដែលឆ្លុះបញ្ចាំងពីការស្វែងរកគោលនយោបាយការបរទេសឯករាជ្យរបស់ពួកគេ។ លោក Lu ជឿជាក់ថា រដ្ឋបាលរបស់លោក ត្រាំ ចាត់ទុកការដំឡើងពន្ធនេះជា «ដំណោះស្រាយ សម្រាប់ការលំបាកទាំងអស់ ដែលខ្លួនកំពុងជួបប្រទះ ប៉ុន្តែការពិត ប្រាប់ពីរឿងផ្សេងទៅវិញ។

លោក Qian Feng ប្រធាននាយកដ្ឋានស្រាវជ្រាវនៅវិទ្យាស្ថានយុទ្ធសាស្ត្រជាតិនៃសាកលវិទ្យាល័យ Tsinghua បាននិយាយថា ឥណ្ឌានឹងមិនបោះបង់ចោលការទិញប្រេងពីរុស្ស៊ីឡើយ បើទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ លោកបានចង្អុលបង្ហាញថា ឥណ្ឌា គឺជាប្រទេសដែលខ្វះប្រេង ហើយប្រេងរបស់រុស្ស៊ី បានផ្តល់ឲ្យទីក្រុងញូវដែលីនូវគុណសម្បត្តិនៃការសន្សំសំចៃ និងគុណភាពខ្ពស់ ព្រមទាំងការការពារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
លោក Qian បានបន្ថែមថា ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើទីក្រុងញូវដែលី អាចនឹងជំរុញឲ្យប្រទេសឥណ្ឌា ងាកទៅរកគោលនយោបាយរក្សាតុល្យភាពរវាងមហាអំណាចធំៗ។
នាពេលមុននេះ លោក ត្រាំ បានប្រកាសផែនការចាត់វិធានការប្រឆាំងនឹងប្រទេសដែលនាំចូលប្រេងពីរុស្ស៊ី រួមទាំងឥណ្ឌា និងប្រេស៊ីលផងដែរ។